កូរ៉េខាងត្បូងច្រានចោលសំណើសុំចរចារបស់កូរ៉េខាងជើងស្តីពីបញ្ហានុយក្លេអ៊ែរ
នៅ ថ្ងៃចន្ទ ទី២៧ ឧសភានេះ កូរ៉េខាងត្បូងបានច្រានចោលសំណើសុំចរចារបស់កូរ៉េខាងជើងស្តីពីការ រំសាយនុយក្លេអ៊ែរ។ តាមពិតទៅ កូរ៉េខាងជើងមិនបានធ្វើសំណើសុំចរចានេះទៅកូរ៉េខាងត្បូងដោយផ្ទាល់ទេ តែត្រូវបានធ្វើឡើងតាមរយៈសំបុត្រមួយរបស់អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុនដែលប្រេសិតពិសេសរបស់លោកបានប្រគល់ជូនលោកប្រធានាធិបតីចិន ស៊ី ជីនពីង។
តើ ខ្លឹមសារនៅក្នុងសំបុត្រដែលអគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើងគីម ជុងអ៊ុនបានសរសេរជូនលោកប្រធានាធិបតីចិនស៊ី ជីនពីងនោះមានអ្វីខ្លះ ?។ ពិតជាគ្មាននរណាម្នាក់អាចដឹងឡើយ។ តែបើគេជឿលើសារព័ត៌មានផ្លូវការរបស់ចិន លោកគីម ជុងអ៊ុនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តើមឲ្យមានឡើងវិញ នូវកិច្ចចរចា ៦ភាគីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កិច្ចចរចា ៦ភាគីដែលមានកូរ៉េទំាងពីរ ជើង ត្បូង សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន និងប្រទេសចិន។
ជាចម្លើយតបវិញទៅកូរ៉េខាងជើង កូរ៉េខាងត្បូងបានចាត់ទុកសំណើសុំចរចារបស់លោកប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុនផ្ញើជូនលោកប្រមុខរដ្ឋចិនស៊ី ជីនពីងពេលនេះថា គ្រាន់តែជាកាយវិការល្អមើលមួយដើម្បីបំពេញចិត្តចិនកុំឲ្យខឹងនឹង ខ្លួនតែប៉ុណ្ណោះ ពោលគឺគ្មានឆន្ទៈស្មោះ ត្រង់ឡើយ។ ចំណែកឯអ្នកនំាពាក្យក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានថ្លែងឲ្យ ដឹងនៅថ្ងៃនេះថា ការអនុវត្តន៍ជាក់ស្តែង គឺជារឿងមួយសំខាន់ជាងការនិយាយតែមាត់។ ទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏បានរម្លឹកជាថ្មីថា ជានិច្ចកាល របបក្រុងព្យុងយ៉ាងតែងតែបានចាត់ទុកការរំសាយកម្លំាងនុយក្លេអ៊ែររបស់ ខ្លួនថា ជារឿងមួយដែលមិនអាចចរចាបាន ឬមួយក៏ថា អាចចរចាបាន តែមិនត្រូវដាក់លក្ខខណ្ឌជាមុនទេ។ កាយវិការនេះវាបានផ្ទុយទំាងស្រុងទៅនឹងឆន្ទៈរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលចង់ឲ្យកូរ៉េខាងជើងបង្ហាញភាពស្មោះត្រង់ជាមុន សិន មុននឹងផ្តើមគ្រប់កិច្ចចរចា។
កាលពីពេលថ្មីនេះ នៅដំណើរទស្សនកិច្ចរបស់លោក Choe Ryong-Hae នាយកប្រតិបត្តិនៃកងទ័ពកូរ៉េខាងជើងក្នុងប្រទេសចិន លោក Choe មិនបាននិយាយពីសំណើសុំចរចារបស់កូរ៉េខាងជើងស្តីពីបញ្ហានុយក្លេអ៊ែរ ទេ។ តែបាននិយាយពីគម្រោងចង់បង្កើតឲ្យមានបរិយាយកាសអន្តរជាតិសន្តិភាព មួយដើម្បីអាចធ្វើឲ្យចម្រើនសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់ប្រជាជនកូរ៉េ ខាងជើង។ យ៉ាងណាក៏ដោយ បើយោងតាមក្រុមអ្នកសង្កេតការណ៍មួយចំនួន លោក Choe ប្រហែលជាបានទទួលតួនាទីជាអ្នករៀបចំឲ្យមានជំនួបកំពូលរវាងលោក ប្រមុខដឹកនំាកូរ៉េខាងជើងគីម ជុងអ៊ុន និងលោកប្រមុខរដ្ឋចិនស៊ី ជីនពីងនៅថ្ងៃខាងមុខ ពោលគឺនៅមុនជំនួបកំពូលរវាងលោកស៊ី ជីនពីង និងលោកប្រធានាធិបតីអាមេរិកអូបាម៉ាដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ និង៨ មិថុនាខាងមុខក្នុងរដ្ឋ Californie៕ដោយ គួច គន្ធារ៉ា (RFI)