និយ័តករធានារ៉ាប់រងកម្ពុជា ទទួលស្គាល់ថា ការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងនៅមានកម្រិតទាប ដែលត្រូវបន្តជំរុញការផ្សព្វផ្សាយ
Cambodia News
ភ្នំពេញ ៖ អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងឱ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញថាការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងសម្រាប់យានយន្តប្រកបអាជីវកម្ម សេវាដឹកជញ្ជូនអ្នកដំណើរ និងការដ្ឋានសំណង់នៅមានកម្រិតទាបនៅទ្បើយ ដែលប្រការនេះ ទាមទារឲ្យមានការជំរុញការផ្សព្វផ្សាយបន្ថែមទៀត។
លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានបញ្ជាក់ថា ការយល់ដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចហាក់នៅមានកម្រិតនៅទ្បើយក្នុងចំណោមម្ចាស់អាជីវកម្មនិងភាពមិនច្បាស់លាស់អំពីភារកិច្ចរបស់ស្ថាប័នទទួលបន្ទុកអនុវត្ត ស្ថិតក្នុងចំណោមមូលហេតុដែលនិយ័តករបានរកឃើញ។ ជាក់ស្តែងដូចជានៅរាជធានីភ្នំពេញគ្រាន់តែការដ្ឋានសំណង់មានរហូតដល់ជាង ១០០០ កន្លែង តែការដ្ឋានដែលបានទិញប័ណ្ណធានារ៉ាប់រងមានតិចតួចប៉ុណ្ណោះ។
លោកស្រីបានថ្លែងបន្តថា ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ទាំងនេះបង្ហាញថា ការផ្សព្វផ្សាយអំពីកាតព្វកិច្ចនេះដល់សាធារណជន និងភាគីពាក់ព័ន្ធនៅមិនទាន់ទូលំទូលាយ។ ទន្ទឹមនោះក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។
តាមការពន្យល់របស់លោកស្រី សុវឌ្ឍនា ច្បាប់ស្ដីពីការធានារ៉ាប់រងឆ្នាំ២០១៤ កំណត់ការធានារ៉ាប់រងជាកាតព្វកិច្ចចំនួនបីប្រភេទ។ ការធានារ៉ាប់រងទាំងនេះពាក់ព័ន្ធនឹងសំណងដល់អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកដំណើរដែលរងគ្រោះក្នុងការដឹកជញ្ជូន និងអ្នកដែលរងរបួស ឬខូចខាតទ្រព្យសម្បត្តិដោយសារសកម្មភាពសំណង់។ សម្រាប់យានយន្តប្រើក្នុងអាជីវកម្ម ម្ចាស់យានយន្តត្រូវទិញធានារ៉ាប់រងលើការទទួលខុសត្រូវចំពោះការខូចខាតដែលយានយន្តរបស់ខ្លួនបង្កដល់តតិយជនក្នុងគ្រោះថ្នាក់ចរាចរណ៍។ចំណែកអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ រួមទាំងការដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវមានធានារ៉ាប់រងលើការទទួលខុសត្រូវចំពោះអ្នកដំណើរ ទោះជាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។
ដោយឡែក ម្ចាស់ការដ្ឋានសំណង់ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើការទទួលខុសត្រូវរបស់ការដ្ឋាន។ ការធានានេះគ្របដណ្ដប់លើសំណងចំពោះការរងរបួស ឬការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយសកម្មភាពការដ្ឋាន។
លោកស្រី ហោ សុវឌ្ឍនា បានបញ្ជាក់ដែរថា ច្បាប់ក៏កំណត់ទណ្ឌកម្មចំពោះអ្នកដែលខកខានអនុវត្តកាតព្វកិច្ចទាំងនេះផងដែរ។ លោកស្រីបន្តថានិយ័តករធានារ៉ាប់រងកម្ពុជាបានដាក់ការពង្រឹង និងពង្រីកការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាពមួយក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥–២០៣០។
ផែនការនេះផ្ដោតលើការផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្ម និងសាធារណជនយល់ថា ការធានារ៉ាប់រងប្រភេទណាខ្លះដែលច្បាប់តម្រូវ ព្រមទាំងបង្កើនការយល់ដឹងរបស់ស្ថាប័នទទួលបន្ទុកអនុវត្ត។
ផ្តើមពីការកត់សម្គាល់ខាងលើ លោកស្រីអគ្គនាយករងបានលើកទ្បើងថាការជំរុញការផ្សព្វផ្សាយអំពីការធានារ៉ាប់រងជាកាតព្វកិច្ចមានសារសំខាន់ណាស់ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការការពារហិរញ្ញវត្ថុជូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ ក្នុងនោះលោកស្រីផ្តោតលើការផ្សផ្សាយនៅរាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀតដែលមានសេវាកម្មដឹកជញ្ជូន ការដ្ឋានសំណង់ច្រើនជាដើម៕









