បណ្ណាល័យមេគង្គ-ឡានឆាងបើកទ្វារឱកាសដល់កុមារកម្ពុជាក្លាយជាបេសកជនមិត្តភាពជំនាន់ក្រោយ

Cambodia News

(សៀមរាប) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ — បណ្ណាល័យមេគង្គ-ឡានឆាងកំពុងបើកទ្វារឱកាសថ្មីៗសម្រាប់កុមារកម្ពុជា ដើម្បីឈ្វេងយល់ពីប្រទេសចិន និងរួមចំណែកក្នុងការពង្រឹងមិត្តភាពកម្ពុជា-ចិនតាមដងទន្លេមេគង្គ-ឡានឆាង។ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានដឹកនាំសិស្សានុសិស្សនៃ សាលាបឋមសិក្សាបន្ទាយសំរ៉ែ ដែលជាទីតាំងបណ្ណាល័យមេគង្គ-ឡានឆាងទី៤ មកទស្សនាស្តង់តាំងពិព័រណ៍វប្បធម៌កម្ពុជា-ចិន នៅទីលានជល់ដំរី តំបន់អង្គរ។

ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (CICEF) សិស្សានុសិស្សចំនួន៥០រូបដែលបានចូលរួមទស្សនា និងឈ្វេងយល់ពីសិល្បៈ ប្រពៃណី ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសយើងទាំងពីរ តាមរយៈការបង្ហាញជាក់ស្តែង។ សកម្មភាពនេះបានផ្តល់ឱកាសឱ្យកុមាររៀនសូត្រក្រៅថ្នាក់ បង្កើនការយល់ដឹងអំពីភាពចម្រុះនៃវប្បធម៌ និងស្វែងរកចំណុចរួមដែលភ្ជាប់ប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានប្រសាសន៍ថា កុមារគឺជាស្ពានដ៏សំខាន់សម្រាប់បន្តមិត្តភាពរវាងប្រជាជន និងប្រជាជន ហើយការផ្តល់ឱកាសឱ្យពួកគេចាប់ផ្តើមស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកតាំងពីវ័យក្មេង គឺជាការបណ្តុះមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគត។

លោកបណ្ឌិតចង់ឱ្យកុមារកម្ពុជាមិនត្រឹមតែជាអ្នកអានសៀវភៅ និងទទួលចំណេះដឹងក្នុងបណ្ណាល័យប៉ុណ្ណោះទេ ថែមទាំងក្លាយជាបេសកជនមិត្តភាពកម្ពុជា-ចិនជំនាន់ក្រោយ ជាអ្នកស្គាល់វប្បធម៌ចិន ស្រឡាញ់ការផ្លាស់ប្តូរ និងមានសមត្ថភាពប្រាប់មិត្តភក្តិជំនាន់ក្រោយអំពីមិត្តភាពរវាងប្រទេសទាំងពីរ»។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីដែលបានជួយសម្របសម្រួលដល់ទស្សនកិច្ចសិក្សានេះបានថ្លែងថា មេគង្គ-ឡានឆាង មិនមែនជាទន្លេដែលភ្ជាប់តែប្រទេសយើងទាំងពីរតាមភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាទន្លេនៃមិត្តភាពដែលអាចភ្ជាប់បេះដូងរបស់ប្រជាជន ជាពិសេសកុមារជំនាន់ក្រោយ តាមរយៈការអប់រំ វប្បធម៌ និងការយល់ចិត្តគ្នា។​ លោកជឿជាក់ថា តាមរយៈសកម្មភាពបែបនេះ កុមារអាចក្លាយជាអ្នកនិទានរឿងថ្មីនៃមិត្តភាពកម្ពុជា-ចិន—ពីអ្វីដែលពួកគេបានអាន ទៅអ្វីដែលសិស្សានុសិស្សបានឃើញ ពីអ្វីដែលពួកគេបានរៀន ទៅអ្វីដែលពួកគេអាចចែករំលែកជាមួយមិត្តភក្តិនិងមហាជន។ 

សិស្សានុសិស្សទាំង៥០រូបយល់្របថា ការសិក្សា នាថ្ងៃនេះបានផ្តើមពីសៀវភៅទៅកាន់ចំណេះដឹង ពីចំណេះដឹងទៅកាន់ការយល់ចិត្ត ពីការយល់ចិត្តទៅកាន់មិត្តភាព ហើយបណ្ណាល័យមេគង្គ-ឡានឆាងជាថ្នាលបណ្តុះគ្រាប់ពូជសម្រាប់បេសកជនមិត្តភាពកម្ពុជា-ចិនតាំងពីកុមារភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close