ភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី ១១ បញ្ចាំងនៅមាត់បឹងតាកែវ មានអ្នកទស្សនាយ៉ាងច្រើនកុះករ!
Cambodia News
ខេត្តតាកែវ៖ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម» បានចាប់ផ្តើមដំណើរការនៅលើទឹកដីខេត្តតាកែវ ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានក្លាយជាស្ពានចងភ្ជាប់ទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌យ៉ាងសំខាន់រវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន។
កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រុមការងារបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី ១១ ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំរវាង នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ព្រមទាំងមានការសម្របសម្រួលពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តតាកែវ។
លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាងនេះទៀត ការផ្លាស់ប្តូរ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ប្រកបដោយគុណតម្លៃ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើម» ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីបម្រើជាប្រយោជន៍សាធារណៈ។
គិតត្រឹមពេលនេះ ការបញ្ចាំងភាពយន្តចល័តបានប្រព្រឹត្តទៅដោយជោគជ័យចំនួន ១០ លើករួចមកហើយ ដោយបានធ្វើដំណើរទៅដល់គ្រប់ ២៥ រាជធានី-ខេត្ត របស់កម្ពុជា ចូលទៅដល់ភូមិឃុំ ទីជនបទ សាលារៀន និងបន្ទាយកងទ័ព ដែលមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ម៉ឺននាក់ បានចូលរួមទស្សនាខ្សែភាពយន្តឆ្នើមៗរបស់ចិន និងកម្ពុជា ដោយឥតគិតថ្លៃ។ លើសពីការផ្តល់ការកម្សាន្ត សកម្មភាពនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងយល់បន្ថែមអំពីជីវភាពរស់នៅ វប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជននៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយបង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត៕

