សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី
Cambodia News
កាលពីថ្ងៃទី៧ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី បានប្រារព្ធធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី។
ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រាជ្ញាថ្មី ការតភ្ជាប់ និងការចែករំលែក” បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល មន្រ្តីការទូតបរទេសប្រចាំប្រទេសចិន ឥស្សរជនប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងបញ្ញវន្តមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានជិត ២០០ រូប ដើម្បីធ្វើកិច្ចសន្ទនា និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ស្វែងរកវិធីសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងប្រមូលផ្តុំធនធានប្រព័ន្ធផ្សព្វផ្សាយ សំដៅកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងបង្កើនឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់លើឆាកមតិសាធារណៈពិភពលោក។
លោក Qi Zhuquan អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍នេះថា CMGនឹងប្រើប្រាស់ឧត្តមភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ានក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការខាងកម្មវិធី ការផ្លាស់ប្តូរបុគ្គលិក ការចែករំលែកបច្ចេកវិទ្យា និងការរួមគ្នារៀបចំធ្វើព្រឹត្តិការណ៍ជាដើម ក្នុងន័យរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានឱ្យកាន់តែស្អិតល្មួត។
លោក សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានថ្លែងសុន្ទរកថាថា ប្រទេសកម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូប្រព័ន្ធផ្សព្វផ្សាយចិននិងអាស៊ាន ហើយមានឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន ដើម្បីរួមគ្នាកសាងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលប្រកបដោយភាពបើកចំហ សុវត្ថិភាព អាចទុកចិត្តបាន និងកម្លាំងរស់រវើក ដោយរួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពរួមក្នុងតំបន់៕

