កម្ពុជា-ចិន នាំយកភាពយន្តចិនបញ្ចូលសំឡេងខ្មែរ ចាក់បញ្ចាំងជូនពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវ ទស្សនាដោយសេរី ដើម្បីពង្រឹងស្ពានមិត្តភាពវប្បធម៌នៃប្រទេសទាំងពីរ
Cambodia News
តាកែវ៖ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី១១ ឆ្នាំ២០២៦ បានចាក់បញ្ចាំងនៅក្នុងបរិវេណសាលាស្រុកទ្រាំង ខេត្តតាកែវ កាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានខ្សែភាពយន្តចិនល្អៗដែលបានបញ្ចូលសំឡេងជាភាសាខ្មែរ ដើម្បីចាក់បញ្ចាំងជូនប្រជាពលរដ្ឋទស្សនាកម្សាន្តដល់មូលដ្ឋានផ្ទាល់។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ, .លោក ហ្វេង ហ៊ុយ (Feng Hui) ,អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,តំណាងលោកអភិបាលស្រុកទ្រាំង ,តំណាងការិយាល័យគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណតេជោ ,មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីបើក លោក ឈន ប៊ុនហាក់បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាយន្តការដ៏សំខាន់ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលដើរតួជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ។ ជាពិសេសធ្វើឱ្យអ្នកចូលរួមទស្សនាបានយល់ដឹងដឹងពី វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន ខណៈដែលកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្ស និងជួសជុលប្រាសាទបុរាណកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
ជាមួយគ្នានេះ លោក ហ្វេង ហ៊ុយ (Feng Hui) អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ព្រឹត្តិការណ៍ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នេះ មានគោលបំណងផ្តល់ភាពសប្បាយរីករាយតាមរយៈសិល្បៈភាពយន្តដល់មុខផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដោយលោកបានបញ្ជាក់ថា៖ «ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ ដំណើរភាពយន្តចល័តកម្ពុជា-ចិន បានក្លាយជាស្ពានវប្បធម៌ដ៏ពិសេសមួយ។
សំឡេង៖ «ខ្សែភាពយន្តនីមួយៗ និងការចាក់បញ្ចាំងមួយលើកៗ សុទ្ធតែបានពាំនាំនូវមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិន និងជួយឱ្យមិត្តភក្តិកម្ពុជាបានស្គាល់ និងយល់ដឹងពីប្រទេសចិនកាន់តែច្បាស់តាមរយៈផ្ទាំងសំពត់ស»។
ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទស្សនា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» នេះ ដោយចាត់ទុកថាជាឱកាសដ៏ល្អក្នុងការទទួលបានភាពសប្បាយរីករាយ ឈ្វេងយល់បន្ថែមអំពីប្រទេសចិន និងជួយពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕
