និយ័តករធានារ៉ាប់រងកម្ពុជា៖ ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មនៅកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន
Cambodia News
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) បានគូសបញ្ជាក់ថា ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាត បង្កឡើងដល់តតិយជន «ជនទីបី» ឬ «ភាគីទីបី»។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា តំណាងលោក ប៊ូ ច័ន្ទតីរូ អគ្គនាយក នៃ ន.ធ.ក. អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងតំណាងសមាជិក ក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជធានី-ភ្នំពេញផងដែរ។
បើតាមលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា, យោងតាមច្បាប់ ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានធ្វើវិសោធនកម្មជំនួសដោយច្បាប់ ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួន៣ ជាកាតព្វកិច្ចរួមមាន៖
១)៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើង ដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្តរបស់ខ្លួន។
២)៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូន របស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។
៣)៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គល ទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រង លើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានបញ្ជាក់ថា ជារួម ច្បាប់បានកំណត់ជាកាតព្វកិច្ច ដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើង ដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ជាមួយនោះផងដែរ ច្បាប់ក៏បានកំណត់ទោសទណ្ឌ ចំពោះបុគ្គលដែលល្មើស មិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ។
សូមជម្រាបផងដែរថា គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពីការធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយជូនសាធារណជន ក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជន ជាពិសេស រួមចំណែកការពារផលប្រយោជន៍សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង តាមរយៈការគូសបង្ហាញពី មូលដ្ឋានគ្រឹះ ប្រភេទ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទីនិង ភារកិច្ចរបស់ ន.ធ.ក.។
ជាលទ្ធផលសិក្ខាកាម បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើការប្រើប្រាស់ធានារ៉ាប់រងជាវិធីសាស្ត្រ ក្នុងការផ្ទេរ និងសម្រាលបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យ ណាមួយកើតឡើង។ បន្ថែមពីនេះ សិក្ខាកាម បានជ្រាបច្បាស់ពីប្រភេទ នៃការធានារ៉ាប់រង់ជាកាតព្វកិច្ច និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលជុំវិញ សារៈសំខាន់នៃកិច្ចសហការ ពីគ្រប់តួអង្គពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វ-កិច្ចប្រកបដោយប្រសិទ្ធភាព៕

