សម្តេចតជោ នឹងចាកចេញទៅជប៉ុន ចាប់ពីថ្ងៃទី០៦-០៩ សីហា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៧) ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០២ សីហា នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទស្សកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦-០៩ សីហា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចតេជោនឹងចូលគាល់ព្រះអង្គម្ចាស់រាជទាយាទ ណារ៉ូហ៊ីតូ ។ បន្ទាប់ពីចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងមានកិច្ចប្រជុំកំពូលជាមួយឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយពេលនាយករដ្ឋមន្ត្រីទាំងពីរ អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា។
ពិធីចុះហត្ថលេខាលើឯកសារស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជាមាន (១)-ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុបចំនួន៣.៩៤៨លានយ៉េន ដែលត្រូវនឹងប្រមាណជា៣៥លានដុល្លារអាមេរិក និង(២)-ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុបចំនួន២៣.៥០២លានយ៉េន ឬប្រមាណជា២០៩លានដុល្លារអាមេរិក ៕