លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីស
Cambodia News
រសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីសដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកXi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះជាខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូទ្រីស ។ ភាគីទាំងពីរត្រូវបង្កើនទំនុកចិត្តផ្នែកនយោបាយ បន្តនិន្នាការវិជ្ជមាននៃការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ សំដៅចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត ។
ប្រទេសចិនមានឆន្ទៈធ្វើការជាភាគីអូទ្រីសក្នុងការត្រួសត្រាយផ្លូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យងើបឡើងថ្មីដូចជា រថយន្តអគ្គិសនីដើរដោយថាមពលស្អាត បញ្ញាសិប្បនិម្មិត(AI) សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ជាការឆ្លើយតប លោក Stocker បានថ្លែងថា ភាគីអូទ្រីសផ្តោតសំខាន់លើការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តមិត្តភាពរវាងអូទ្រីសនិងចិនមានភាពស្និទ្ធស្នាល ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ មានឆន្ទៈធ្វើការជាមួយប្រទេសចិនដោយឈរលើកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តដែលត្រូវបានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បង្កើនកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងវិស័យវប្បធម៌និងទេសចរណ៍ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍថ្មី៕

