កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីបរិស្ថាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មិថុនា ២០១៦) ៖ តាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រីក្រសួងបរិស្ថាន អ្នកប្រើប្រាស់ ថង់ប្លាស្ទិកនឹងត្រូវបង់ប្រាក់បន្ថែម៥០០រៀលពីលើតម្លៃទំនិញ មួយថង់ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលនាំឲ្យប៉ះពាល់ ដល់បរិស្ថាន។
បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពី វិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បញ្ហាសំណល់ជាពិសេសថង់ប្លាស្ទិកកំពុងតែកើនឡើងគួរព្រួយបារម្ភ ដូច្នេះដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ។
បើតាមមន្ត្រីរដ្ឋាភិបាលការបង់ថ្លៃនៃការប្រើប្រាស់ថង់ប្លាស្ទិកនេះ នឹងចាប់ផ្ដើមអនុវត្តឲ្យបាននៅក្នុងឆ្នាំ ២០១៦។
សេចក្ដីព្រាងប្រកាស អន្តរក្រសួងស្ដីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះមាន គោលដៅក្នុងការកាត់បន្ថយថង់ប្លាស្ទិកឲ្យបាន៥០ភាគរយក្នុងឆ្នាំ ២០១៩ និងសម្រេចឱ្យបាន៧០ភាគរយក្នុងឆ្នាំ ២០២៥៕