ថៃបាញ់ខ្មែរស្លាប់ ៣នាក់ បាត់ខ្លួន ៣នាក់ និងរត់រួចម្នាក់
សារព័ត៌មាន Cambodia News/
ខេត្តព្រះវិហារ(១៤ មិនា ២០១៤) ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋខ្មែរចំនួន៣នាក់បានស្លាប់ ដោយសារទាហានថៃបាញ់ រីឯ៣នាក់ទៀតបាត់ខ្លួន និងម្នាក់រត់រួច ខណៈពួកគេឡើងលើខ្នងភ្នំដងរែក លួចចូលដីសៀម រកកាប់ឈើគ្រញូង ។
ហេតុ ការណ៍នេះ បានកើតឡើង នៅតាមចំណុចដំណាក់ផ្តៀក ឆ្លងកាត់តាមព្រលានស្រទំ លើខ្នងភ្នំដងរែក ស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខាងលិចច្រកទ្វារអានសេះ ដែលជាចំណុចឈរជើងការពារព្រំដែនរបស់វរសេនាតូចលេខ៤០៥ ។
តាម មន្ត្រីសមត្ថកិច្ចនៅតំបន់នោះឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ៣នាក់ដែលស្លាប់នោះមាន ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តកំពត ២-ឈ្មោះ អ៊ន ជីង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និង៣-ឈ្មោះ ម៉ៅ ម៉ន អាយុ២១ឆ្នាំ រស់នៅខេត្តកំពត ។ ឯអ្នកបាត់ខ្លួន៣នាក់មិនស្គាល់អត្តសញ្ញាណទេ ប៉ុន្តែស្ត្រីម្នាក់ឈ្មោះ គន្ធា បានរត់គេចខ្លួនរួចមកដល់ទឹកដីកម្ពុជាវិញហើយ ។
សូមបញ្ជាក់ ថា សពពលរដ្ឋខ្មែរទាំង៣នាក់ខាងលើ គេពុំទាន់ដឹងថា ទាហានថៃបាញ់សម្លាប់នៅចម្ងាយប៉ុន្មានម៉ែត្រពីព្រំដែនកម្ពុជានៅ ឡើយទេ ដោយហេតុថា មកទល់ពេលនេះភាគីសៀមមិនទាន់បានផ្តល់ដំណឹងមកឱ្យភាគីកម្ពុជា ហើយសពក៏ពុំមាននរណាម្នាក់ អាចឆ្លងចូលទៅយកមកទឹកដីកម្ពុជាវិញបានដែរ ៕