ក្រសួង​ឲ្យ​បញ្ឈប់​ការ​ប្រមូល​ស្នាម​មេ​ដៃ​គាំ​ទ្រលទ្ធ​ផល​បោះ​ឆ្នោត​

ភ្នំ​ពេញ​៖ ក្រសួង​មហាផ្ទៃ ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ ខេត្ត​ ត្រូវ​​បញ្ឈប់​ជា​បន្ទាន់​ នូវ​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពល​រដ្ឋ​ដើម្បី​គាំទ្រ​លទ្ធផល​បោះឆ្នោត ​ ខណៈ​ដែល​ចលនា​នៃ​ការ​ប្រមូល​ស្នាម​មេដៃ ​នេះ​ បាន​កើត​ឡើង​កាន់​តែ​ច្រើន​ឡើងៗ ​ហើយ​ត្រូវ​អង្គ​ការ​សង្គម​ស៊ីវិល​រិះ​គន់​ថា ​បាន​បង្ហាញ​ពី​ភាព​មិន​ឯក​រាជ្យ​របស់​អាជ្ញាធរ​មូលដ្ឋាន​។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

នៅ​ក្នុង​សេចក្តី​ប្រកាស មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ចុះ​ថ្ងៃ​ទី​២០ ​ខែ​សីហា​​ សរសេរ​ថា ​ការ​បញ្ជា​ឲ្យ​បញ្ឈប់​នូវ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​ដើម្បី​ គាំទ្រ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នេះ គឺ​ជា​ការ​រក្សា​«ពង្រឹង​អព្យា​ក្រឹតភាព​ របស់​អាជ្ញាធរ​សាធារណៈ​នៅ​គ្រប់​ថ្នាក់​»​។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង បាន​សរសេរ​ទៀត​ថា៖ «អភិបាល​រាជ​ធានី​ ខេត្ត​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​ញត្តិ​គាំទ្រ​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី ​៥​ និង​បញ្ឈប់​​ជា​បន្ទាន់​ នូវ​ការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ចលនា​ប្រជា​ពលរដ្ឋ​ ឲ្យ​ផ្តិត​មេដៃ​គាំ​ទ្រ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត»។

ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ថា​ អាជ្ញាធរ​នៅ​តាម​ភូមិ​ សង្កាត់​ ឃុំ ​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់ និង​បង្ខំ​ចិត្ត​ផ្តិត​មេដៃ​ឲ្យ​ ដោយ​អ្នក​ខ្លះ​ខ្លាច​មាន​ការ​រើសអើង​ ពី​អាជ្ញាធរ​នៅ​ពេល​ពួកគេ​ធ្វើ​លិខិត​បញ្ជាក់​ផ្សេងៗ ​ឬ​ត្រូវ​ការ​ពឹងពាក់​អាជ្ញាធរ​ឃុំ​សង្កាត់​៕ ​Cambodia News

Related Articles

Back to top button
Close
Close