កម្ពុជា-ចិន បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ AI៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រធំៗ ៤

Cambodia News

ភ្នំពេញ៖ក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) កំពុងឈានមុខគេលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីមហិច្ឆតា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកផលចំណេញពីបទពិសោធន៍ និងធនធានរបស់ប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាមហាអំណាចបច្ចេកវិទ្យាមួយដែលមានបទពិសោធន៍ជ្រៅជ្រះ សមត្ថភាពខ្លាំង និងមាននិន្នាការប្រកបដោយនុវត្តន៍ខ្លាំងក្លាក្នុងវិស័យ AI។ ទន្ទឹមនឹងនេះ កម្ពុជាមានលក្ខណៈពិសេសអំណោយផលយ៉ាងខ្លាំង គឺប្រជាជនប្រមាណ ៥០% សុទ្ធសឹងតែជាយុវជនមានអាយុក្រោម ២៦ឆ្នាំ ដែលជាកម្លាំងសរុបស្របគ្នានឹងសម័យកាលបច្ចេកវិទ្យាថ្មីនេះ។

ឯកឧត្តមបានកត់សម្គាល់ថា ឱកាសប្រវត្តិសាស្ត្រនេះ នឹងអនុញ្ញាតឱ្យកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ អាច «លោតផ្លោះ» រំលងដំណាក់កាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើន ដែលបណ្តាប្រទេសអភិវឌ្ឍន៍ធ្លាប់ចំណាយពេលរាប់ទសវត្សរ៍ដើម្បីឆ្លងកាត់ តាមរយៈការផ្ទេរចំណេះដឹង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីចិន។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍនេះ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញពីចក្ខុវិស័យអាទិភាពចំនួន ៤ ធំៗ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា AI រវាងកម្ពុជា និងចិន រួមមាន៖

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ដើម្បីធានាឱ្យប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ អាចទទួលបានសេវាឌីជីថលប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។

ទី២. ការប្រើប្រាស់ AI ក្នុងវិស័យអាទិភាពប៉ះពាល់ផ្ទាល់ដល់ជីវភាពពលរដ្ឋ៖ ការយកបច្ចេកវិទ្យាទំនើបនេះ មកអន្តរាគមន៍លើវិស័យស្នូលដូចជា កសិកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទី៣. ការទាក់ទាញវិនិយោគគុណភាពខ្ពស់ពីប្រទេសចិន៖ ដើម្បីជំរុញការបង្កើតរោងចក្រទំនិញ បង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាផ្ទាល់ដល់ពលរដ្ឋកម្ពុជា។

ទី៤. ការកសាងធនធានមនុស្ស៖ គឺជាកិច្ចការដ៏សំខាន់បំផុត ដោយកម្ពុជាត្រូវការជាចាំបាច់នូវអ្នកជំនាញជំនាន់ថ្មីលើផ្នែក AI, វិទ្យាសាស្ត្រទិន្នន័យ, សន្តិសុខសាយប័រ, មនុស្សយន្ត និងវិស្វកម្មឌីជីថល។ ក្នុងនោះ ចិននឹងត្រូវចាត់ទុកជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការពង្រឹងកិច្ចសហការអន្តររវាង «សាកលវិទ្យាល័យ និងសាកលវិទ្យាល័យ» ក៏ដូចជា «សាកលវិទ្យាល័យ និងសហគ្រាស»។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា តាមរយៈចក្ខុវិស័យដ៏មុតស្រួចទាំងបួននេះ កម្ពុជាដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថានឹងអាចកសាងខ្លួនឱ្យក្លាយជាប្រទេសគំរូមួយក្នុងតំបន់ ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ដើម្បីប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀតប្រកបដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close