លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង
Cambodia News
ថ្ងៃទី ៨ ខែមិថុនា មុនពេលចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទលើកាសែត Rodong Sinmun នៃកូរ៉េខាងជើងក្រោមចំណងជើងថា « បន្តវេនប្រវត្តិសាស្ត្រ ត្រួសត្រាយអនាគត ប្រកៀកស្មាគ្នា ដើម្បីចារទំព័រថ្មីនៃចំណងមិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើង » ។
អត្ថបទបានលើកឡើងថា ចិននិងកូរ៉េខាងជើងជាអ្នកជិតខាងល្អដែលប្រកាន់របបសង្គមនិយម ដែលគាំទ្រគ្នា និងមានជោគវាសនារួម ។ ចំណងមិត្តភាពប្រពៃណីរវាងចិន-កូរ៉េខាងជើងជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ មិនថាយុគសម័យមានការប្រែប្រួលយ៉ាងណា ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា មិត្តភាពប្រពៃណីរវាងចិននិងកូរ៉េខាងជើងគឺរឹងមាំជានិច្ច ហើយឆ្លងកាត់រយៈពេលកាន់តែយូរកាន់តែរឹងមាំ និងមានភាពរស់រវើកឥតឈប់ឈរ។
ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងជើង តម្កល់ទំនាក់ទំនងចិន-កូរ៉េខាងជើងក្នុងឋានៈជាយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-កូរ៉េខាងជើងវិវឌ្ឍរីកចម្រើនតាមយុគសម័យ និងទទួលបានការរីកចម្រើនកាន់តែធំ។ លោកបន្តថា ប្រទេសយើងទាំងពីរគួរ៖
— បង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិន-កូរ៉េខាងជើង។
— ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនសុខុមាលភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ ។
— ធ្វើការសម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ ដើម្បីគាំពារយ៉ាងមុតមាំនូវសច្ចយុត្តិធម៌អន្តរជាតិ៕

