រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជា មានសព្វាវុធគ្រប់គ្រាន់ ការពារប្រទេស
Cambodia News
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជាមិនមានយន្តហោះចម្បាំង នាវាចម្បាំងដូចភាគីថៃក៏ពិតមែន ប៉ុន្តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ សម្រាប់ការពារប្រទេស ដោយពុំមានមហិច្ឆតាឈ្លានពានប្រទេស ណាមួយនោះទេ។
នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធមីទ្ទីងអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ថា គ្រប់គ្នាពិតជាបានដឹង រួចជាស្រេច ចំពោះសមត្ថភាព កងទ័ព សមត្ថភាពយុទ្ធោករណ៍របស់ភាគីថៃនិងកម្ពុជាហើយ ក្រោយយោធាថៃបានបង្ហោះអួតពីសព្វាវុធទំនើបៗ ដួចជាយន្តហោះចម្បាំង នាវាចម្បាំង និងកាំភ្លើងធុនធំ ដែលមានសមត្ថភាពធ្វើសង្គ្រាមបានទាំងដែនអាកាស ដែនគោក និងដែនទឹក ដើម្បីឌឺដងកម្ពុជា ។
ប៉ុន្តែចំពោះការអួតក្អេងក្អាងពីយុទ្ធោករណ៍ទំនើបៗមកកម្ពុជានេះ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានឆ្លើយតបទៅវិញថា ទោះបីជាកម្ពុជាគ្មានយុទ្ធោករណ៍ទំនើប ដូចថៃក៏ពិតមែន តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពជាតិ ។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានពោលទៅកាន់មេភូមិភាគថៃរងទី២ ដែលព្រហើនបំពានមកលើកម្ពុជា ក្នុងពេលមានជម្លោះនៅតាមព្រំដែនថា ជាមនុស្សឆេវឆាវមិនគិតរក ដំណោះស្រាយដោយសន្តិវិធីទេ បែរជាបញ្ឆេះកំហឹង ពលរដ្ឋឲ្យធ្វើសង្គ្រាមបង្ហូរឈាមគ្នាទៅវិញ ៕
