ក្រសួងសុខាភិបាលរៀបចំគ្រែចំនួន២០០ សម្រាប់ការព្យាបាលជូនក្រុមកីឡាករ កីឡាការិនី ដោយឥតគិតថ្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ ដើម្បីរៀបចំដំណើរការព្យាបាលជំងឺជូនក្រុមកីឡាករ កីឡាការិនី ដោយឥតគិតថ្លៃ ដែលត្រូវរៀបចំដំឡើងគ្រែចំនួនពី១០០ ទៅ២០០គ្រែ នៅមនី្ទរពេទ្យជាតិ តេជោសន្តិភាព។
ការបើកកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក សម្តេចមើលឃើញពីការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលបានរងរបួសដោយការប្រកួត ហើយលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើការចំណាយថវិកាផងដែរ៕