អាជ្ញាធរសង្កាត់ចោមចៅទី៣ បានដឹករនាំងដែកទៅបិទខ្ទប់ឡើងវិញនៅតំបន់ជុំវិញរោងចក្រ QMI
បន្ទាប់ពីរកឃើញកម្មករកម្មការិនី ២៩៦នាក់ ឆ្លងកូវីដ-១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ មិថុនា ២០២១) បន្ទាប់ពីរកឃើញកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ សរុបចំនួន ២៩៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦មិថុនា អាជ្ញាធរសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ បានដឹករនាំង ដែក ទៅបិទខ្ទប់ ផ្សារត្រពាំងពោធិ៍ និងតំបន់ជុំវិញរោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI។
ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូលយ៉ាងច្រើនកុះករ។
ប្រភពព័ត៌មាន បានអោយដឹងថា មុនការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ម្ចាស់រោងចក្ររោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ហៅរោងចក្រQMI ក៏បានជូនដំណឹងជាថ្មីដល់កម្មករកម្មការិនី ឲ្យឈប់សំរាកចំនួន ១៤ថ្ងៃផងដែរ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ៕