វៀតណាមទាមទារឱ្យ Facebook លុបចោលការបកស្រាយខុសអំពីផែនទី
សារព័ត៌មាន Cambodia News/
ហាណូយ ៖ រដ្ឋាភិបាលវៀតណាមបានទាមទារឱ្យ Facebook ចាត់វិធានការភ្លាមៗដើម្បីកែតម្រូវផែនទីនៃប្រទេសវៀតណាមដែលមិនរួមបញ្ចូលប្រជុំកោះ Hoang Sa (Paracel) និង Truong Sa (ប្រជុំកោះ Spratly) ។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានឱ្យដឹងបានបញ្ជូន ទៅក្រុមហ៊ុន Facebook Inc កាលពីថ្ងៃអាទិត្យ។
នៅលើផែនទីរបស់ Facebook បង្ហាញថា ប្រជុំកោះទាំង២ដែលនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង គឺជាទឹកដីរបស់ប្រទេសចិន ដោយវាមិនមែនត្រូវបានកាន់កាប់ដោយវៀតណាមនោះឡើយ។ ផែនទីនេះបានបង្កជាក្ដីក្ដៅក្រហាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋវៀតណាម ជាពិសេសនោះគឺអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ផ្ទាល់តែម្ដង។
លោក Le Quang Tu Do មន្រ្តីម្នាក់មកពីក្រសួងទំនាក់ទំនងបាននិយាយថា តំណាងរបស់ Facebook បានឆ្លើយតបថាមានការយល់ច្រឡំមួយចំនួននៅលើផែនទីនេះថា វាគឺជាកំហុសបច្ចេកទេសមួយដែលគ្មានគោលបំណងនយោបាយ។ អ្នកនាំពាក្យនោះបានបន្ថែមថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតហើយវិធានការនានានឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា ជារឿយៗ វៀតណាមតែងប្រកាសដល់អន្តរជាតិថា ប្រជុំកោះ Paracel និង Spratly ជាអធិបតេយ្យភាពរបស់ខ្លួន ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ពេញលេញ និងភស្ដុតាងជាប្រវត្តិសាស្ត្រ។ រាល់សកម្មភាពដែលបំពានលើអធិបតេយ្យភាពនេះ ត្រូវវៀតណាមចាត់ទុកជាការប្រឆាំងទៅនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះរាប់បញ្ចូលទាំងអនុសញ្ញាអង្គការសហប្រជាជាតិលើច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕