ចិន​ចាប់ខ្លួន​មនុស្ស​ជិត​១ពាន់​នាក់​ដែល​ឃោសនា​រឿង​ភ្លើងឆេះកល្ប​ថ្ងៃ​២១ធ្នូ

គិតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរចិនបានចាប់ខ្លួនមនុស្សប្រមាណ ជាជិតមួយពាន់នាក់ ជាសមាជិកនិកាយគ្រីស្ទសាសនាមួយក្រុម ដែលបានឃោសនា អំពីភ្លើងឆេះកល្ប (ឬការរលត់រលាយនៃផុតផែនដី)នៅថ្ងៃសុក្រ ទី២១ធ្នូ ស្អែក។ និកាយសាសនានេះបានអះអាងថាភពផែនដីនឹងត្រូវរលត់រលាយនៅថ្ងៃ២១ធ្នូ ហើយ អំពាវនាវឲ្យផ្តួលរំលំរបបកុម្មុយនិស្តចិន។ ការផ្អើលពីរឿងភ្លើងឆេះកល្ប នៅថ្ងៃ២១ធ្នូនេះមិនមែនកើតមានតែនៅក្នុងប្រទេសចិនមួយទេគឺនៅស្ទើរតែគ្រប់ ទីកន្លែង នៅទូទាំងពិភពលោក បើទោះជាមានការបដិសេធពីអ្នកវិទ្យាសាស្រ្ត យ៉ាងណាក៏ដោយ។

នៅក្នុងប្រវត្តិសាស្រ្ត ព័ត៌មានពីភ្លើងឆេះកល្ប (ឬការរលត់រលាយនៃភពផែនដី) ធ្លាប់ត្រូវបានលេចឮជាច្រើនដងរួចមកហើយ ក៏ប៉ុន្តែ រឿងភ្លើងឆេះកល្បនៅឆ្នាំ ២០១២ គឺជាដំណឹងដែលបានរីកសាយភាយខ្លាំងជាងគេ ដោយសារតែប្រព័ន្ធ អ៊ីនធ័រនែតផង និងដោយសារតែមានការផលិតកុនដោយហូលីវូដផង។

យោងតាមការស្ទាបស្ទង់មតិរបស់រ៉យទ័រ (Reuters) មនុស្សប្រមាណជា ១០% នៅទូទាំងពិភពលោកជឿថាផែនដីនឹងត្រូវរលត់រលាយនៅក្នុងឆ្នាំ២០១២នេះ។ ហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងឆ្នាំ២០១២ដូចជា ការរញ្ជួយដី និងព្យុះ សង្ឃរាធំៗ ភាពចលាចលនៅដើមបូព៌ា ភពចម្លែកដែលនឹងមកបុកផែនដី ។ល។ និង។ល។ សុទ្ធសឹងតែជាហេតុការណ៍ ដែលអ្នកជឿនាំគ្នាលើកឡើងថា នឹងកើត មានឡើង ដែលនាំទៅរកការរលត់រលាយនៃភពផែនដី នៅថ្ងៃសុក្រស្អែកគឺថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១២។

ជំនឿដែលថានឹងមានភ្លើងឆេះកល្ប នៅថ្ងៃទី២១ ធ្នូ ២០១២នេះ គឺដោយសារ តែថ្ងៃនេះគឺជាថ្ងៃចុងក្រោយ នៅក្នុងប្រតិទិនរបស់ជនជាតិម៉ាយ៉ា ដែលជា អរិយធម៌ដ៏រុងរឿងបំផុតមួយ ក្នុងប្រវត្តិមនុស្សជាតិ ហើយដែលត្រូវបានគេស្គាល់ ថាជាអ្នកដែលមានជំនាញខាងបង្កើតប្រតិទិន ដែលអាចទស្សន៍ទាយពីអនាគត។

ក៏ប៉ុន្តែ អ្នកជំនាញខាងប្រតិទិនម៉ាយ៉ាជាច្រើនធ្លាប់បានពន្យល់ថា ការដែល ប្រតិទិនម៉ាយ៉ាបញ្ចប់ត្រឹមថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ គ្រាន់តែជាការបិទបញ្ចប់ វដ្ត (ឬសករាជ) ចាស់មួយ ដើម្បីចាប់ផ្តើមវដ្តថ្មីមួយទៀតប៉ុណ្ណោះ មិនមែន មានន័យថា ផែនដីនឹងត្រូវរលត់រលាយសូន្យនៅថ្ងៃនេះទេ។

អ្នកវិទ្យាសាស្រ្តជំនាញខាងផ្នែកតារាសាស្រ្ត ភូមិសាស្រ្ត និងភូគព្ភសាស្រ្តក៏ តែងតែនាំគ្នាខិតខំពន្យល់ផងដែរថា ដោយផ្អែកទៅលើភស្តុតាងដែលមាន លក្ខណៈជាវិទ្យាសាស្រ្ត គេមិនឃើញមានសញ្ញាណាមួយ ដែលថា ផែនដីនឹងត្រូវរ លត់រលាយ នៅថ្ងៃ២១ធ្នូស្អែកនេះទេ។

នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ គេធ្លាប់ឃើញមានការទស្សន៍ទាយពី រឿងភ្លើងឆេះកល្បនេះជាច្រើន ដងរួចមកហើយ ពោលគឺប្រហែលជាជិត ២០០លើក រួចមកហើយ ក៏ប៉ុន្តែ រហូតមកទល់នឹងថ្ងៃនេះ ផែនដីនៅតែវិលហើយមនុស្សជាតិ នៅតែមានជីវិតរស់នៅជាធម្មតា៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close