នាយករដ្ឋមន្ត្រីថៃថា លោកដឹងអតីតនាយករដ្ឋមន្ត្រីយីងឡាក់នៅទីណា
សារព័ត៌មាន Cambodia News/
ថៃ (២៧ កញ្ញា ២០១៧) ៖ មេដឹកនាំយោធាថៃ បាននិយាយកាលពីថ្ងៃអង្គារទី២៦កញ្ញាថា លោកដឹងថាអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត លាក់ខ្លួននៅទីណា តែពេលនេះលោកមិនទាន់ទម្លាយប្រាប់អំពីទីកន្លែងរបស់លោកស្រីទេ ទាល់តែក្រោយតុលាការចេញសាលក្រមនៅថ្ងៃស្អែកចំពោះការធ្វេសប្រហែសការងាររបស់លោកស្រីជុំវិញគំរោងទិញស្រូវពីកសិករ។
សូមរំលឹកថាយីងឡាក់បានបាត់ខ្លួនពីថៃនៅមុនតុលាការជាន់ខ្ពស់ចេញសាលក្រមតែបន្តិចកាលពីថ្ងៃ២៥សីហា។មេធាវីរបស់លោកស្រីបាននិយាយថាលោកស្រីឈឺមិនអាចបង្ហាញខ្លួននៅតុលាការ។
តែនៅថ្ងៃនេះ លោកប្រាយុទ្ធ ចាន់អូចា បានប្រាប់អ្នកយកព័័ត៌មានថា«ខ្ញុំដឹង តែខ្ញុំមិនទាន់ប្រាប់ទេ។ខ្ញុំនឹងប្រាប់លោកអ្នកថាគាត់នៅទីណាក្រោយថ្ងៃ២៧កញ្ញា។ខ្ញុំមានអ្នកយកការណ៍។យីងឡាក់ មិនកំពុងស្វះស្វែងរកការជ្រកកោននៅបរទេសទេ»។
សាលក្រមមួយនឹងចេញនៅថ្ងៃ២៧កញ្ញា ហើយយីងឡាក់ប្រឈមការជាប់គុក១០ឆ្នាំបើសិនជាត្រូវរកឃើញថាមានកំហុសពីបទធ្វេសប្រហែសដែលនាំអោយរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារចំពោះគំរោងឧបត្ថម្ភកសិករដែលបានជួយអោយលោកស្រីឈ្នះឆ្នោតនៅឆ្នាំ២០១១៕