រដ្ឋមន្ត្រីព័ត៌មាន ប្រាប់អាមេរិកឲ្យជួយចេញលុយបង់ពន្ធឲ្យកាសែត ខាំបូឌា ដេលី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ សីហា ២០១៧) ៖ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា “ជំហររបស់កម្ពុជាជាមួយអាមេរិក គឺយើងនៅតែជាប្រទេសមួយ ដែលមានទំនាក់ទំនងការទូតជាមួយគ្នា”។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា បើអាមេរិកឈឺឆ្អាលនិងចង់ជួយកាសែត ខាំបូឌា ដេលី មែននោះ គួរតែអាមេរិក ចេញលុយបង់ពន្ធ ៦លានដុល្លារ ជំនួសកាសែតនោះតែម្តងទៅ។
ឆ្លើយតបនឹងសំណួរអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធកាសែត The Cambodia Daily លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា “អាមេរិកសំបូរលុយច្រើនដែរ ជួយចេញលុយពន្ធទៅហើយ។ មិនពិបាកអីសោះ។ បើគាត់ចង់ជួយមែនទែនគាត់ចាំបាច់និយាយធ្វើអី គាត់ចេញលុយពន្ធទៅ។ ប៉ុន្មានលានតើ!”។
សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានពន្ធដារ ជាអ្នកអនុវត្តផ្ទាល់បានកំណត់ឲ្យកាសែតភាសាខ្មែរអង់គ្លេស The Cambodia Daily ត្រូវបង់ពន្ធជាង ៦លានដុល្លារ ត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។ បើសិនជាកាសែតនេះ មិនមានលុយបង់ពន្ធទេ នោះរាជរដ្ឋាភិបាល នឹងបិទការផ្សាយកាសែតនេះ ហើយត្រូវរឹបអូសទ្រព្យសម្បត្តិនានារបស់កាសែត ដែលមានថៅកែជាជនជាតិអាមេរិកនេះ។
ពាក់ព័ន្ធនឹងករណីកាសែត The Cambodia Daily ត្រូវបានលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថាជារឿងបង់ពន្ធជារឿងរបស់ខាងពន្ធដារ ដោយមិនទាក់ទងនឹងក្រសួងព័ត៌មានទេ។ ក្រសួងព័ត៌មាន បានបន្តផ្តល់អាជ្ញាប័ណ្ណដល់កាសែតនេះ ឲ្យចេញផ្សាយជាធម្មតា៕