រដ្ឋមន្ត្រីក្រសួងព័ត៌មានថាអ្នកកាសែតខ្លះចង់ល្បីពេកសរសេរលោតឆ័ត្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កុម្ភៈ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថាអ្នកសារព័ត៌មានខ្លះដើម្បីឲ្យខ្លួនល្បីឆាប់រហ័សក៏ចេះតែសរសេរលោតឆ័ត្រច្រើន មិនថាព័ត៌មានដែលខ្លួនសរសេរនោះត្រូវ ឬក៏សុខនោះឡើយ ហើយថាការសរសេរបែបនេះប្រៀបដូចកាលសម័យអ៊ុនតាក់យ៉ាងដូច្នេះឯង។
ថ្លែងតាមរយៈសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញ លោករដ្ឋមន្ត្រី បានលើកឡើងថា“ពេលនេះឃើញអស់លោកភាគច្រើនចាប់ផ្តើមអនុវត្តទ្រឹស្ដីអ្នកកាសែតសម័យអ៊ុនតាក់ វិញហើយ ។
សម័យអ៊ុនតាក់ កាសែតចាប់ផ្តើមផ្សាយព្រោងព្រាត ហេតុនេះដណ្តើមទីផ្សារគឺត្រូវឈរលើទស្សនៈពីរ។ ទស្សនៈទីមួយ គឺប្រឹងប្រែងអោយអស់សមត្ថភាពវិជ្ជាជីវៈដើម្បីទាក់ទាញ ឯទស្សនៈទីពីរគឺឲ្យមួយថ្ងៃពីរថ្ងៃបោកគ្រាប់បែកមួយ ខុសក៏ដោយត្រូវក៏ដោយ ធ្វើម៉េចឲ្យតែផ្អើលសាធារណមតិ”។
លោក បានបន្តទៀតថា “ដល់ពេលនេះឃើញអស់លោកមួយចំនួនចាប់ផ្តើមអនុវត្តទ្រឹស្ដីនេះឡើងវិញ ដើម្បីបានឆាប់លេចឈ្មោះ។ខ្ញុំជូនយោបល់ដ៏ស្ដួចស្ដើងរបស់ខ្ញុំថា គួរអញ្ជើញពួកកាសែតទាំងនោះមកជួយធ្វើជាទីប្រឹក្សាទៅ ព្រោះយ៉ាងហោចណាស់ ក៏គេចេះគេចគុកដែរ”។
តែយ៉ាងណាក្តីឯកឧត្តមរដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះឬស្ថាប័នណានោះឡើយខណៈប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជារាប់រយរាប់ពាន់ស្ថាប័ននោះ៕