កម្ពុជាបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ តុលា ២០១៦) ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាជាតិលើកទី១ ត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលានេះ។ ព្រឹត្តិការណ៍ជាលើកដំបូងសម្រាប់កម្ពុជានេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបញ្ជាក់ថា កម្មវិធីបើក ប្រព្រឹត្តិទៅដោយមានទស្សនីយភាពជាច្រើន ដូចជាការលោតឆ័ត្រយោងរបស់កងពលតូចពិសេសឆ័ត្រយោង៩១១ ការសម្តែងក្បាច់គុនរបស់កងទ័ពក្បាច់គុនល្បុក្កតោរួមនឹងទស្សនីយភាពសិល្បៈជាច្រើនផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក៏មានការរត់ភ្លើងគប់ ពីសំណាក់ព្រឹទ្ធាចារ្យកីឡាល្បីៗ និងកីឡាករ កីឡាការិនីវ័យក្មេង ដែលមានកិត្តិស័ព្ទ ក្នុងវិស័យកីឡាដូចជា កីឡាការិនីកែ ឡេង, កីឡាការិនីស៊ន សៀវម៉ី, កីឡាករចាន់ វឌ្ឍនាកា និងកីឡាករប្រាក់ មុនីឧត្តមជាដើម។
បើតាមការបញ្ជាក់ពីក្រសួងអប់រំ បានឲ្យដឹងថា ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានកីឡាចំនួន១៤ប្រភេទ គឺ៖ ១.អត្តពលកម្ម ២.ហែលទឹក ៣.វាយសី ៤.បាល់បោះ ៥.ប្រដាល់សកល និងប្រដាល់គុនខ្មែរ ៦.បាល់ទាត់ ៧.ចំបាប់ ៨.វាយកូនឃ្លីលើតុ ៩.តេក្វាន់ដូ ១០.វាយកូនបាល់ ១១.បាល់ទះ ១២.ប៉េតង់ ១៣.ល្បុក្កតោ និង១៤.កីឡាកាយសម្ព័ន្ធ។
ព្រឹត្តិការណ៍ កីឡាជាតិលើកទី១នេះ គឺជាព្រឹត្តិការណ៍យ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ដែលនឹងប្រព្រឹត្តរៀងរាល់២ឆ្នាំម្តង។ ការប្រកួតកីឡាជាតិលើកទី១នេះ គឺចាប់ផ្តើមកាលពីថ្ងៃទី ២៥ តុលា រហូតដល់ថ្ងៃទី ៥ វិច្ឆិកា ២០១៦តែ ពិធីបើកផ្លូវការនឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះ ដែលមានកីឡា១៥ ប្រភេទ និងមាន១៨៩វិញ្ញាសារ។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី២៨ តុលា នេះ ក៏មានការផ្សាយបន្ដផ្ទាល់ដោយកិច្ចសហការរវាង អគ្គនាយដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងទូរទស្សន៍បាយ័នព័ត៌មានផងដែរ៕