សម្តេច ហ៊ុន ​សែន ​រៀប​រាប់​ពី​ទុក្ខ​វេទនា​ កាល​​​​​ពី​​សម័យ​​ប្រល័យ​​ពូជសា​សន៍​ប៉ុលពត​

សារព័ត៌មាន​ Cambodia News​/
ភ្នំ ​ពេញ (១៧ មិថុនា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន សរសេរបង្ហោះក្នុង Facebook របស់សម្តេចទុក្ខស្រីប្តីព្រាត់៖ នេះជាចម្រៀងមួយបទ ដែល​ខ្ញុំ​និពន្ធ​ឡើង​ដើម្បី​រំលឹក​ ដល់ការព្រាត់គ្នារវាងខ្ញុំ និងភរិយាខ្ញុំក្នុងរបប ប៉ុលពត។ ខ្ញុំ និងភរិយាខ្ញុំ គ្រាន់តែជាផ្នែកតូចមួយ នៃការនិរាស្រ្តព្រាត់ប្រាស់ របស់​ប្រជាជន​កម្ពុជា​រាប់​

លាន​នាក់​ក្នុងរបប ប៉ុល ពត ហើយ​គ្រួសារ​មួយចំនួន មានលក្ខណៈធ្ងន់ធ្ងរជាងគ្រួសារខ្ញុំទៅទៀត។
ខ្ញុំបានសរសេរផ្សព្ធផ្សាយ រួចមកហើយនូវប្រវត្តិខ្លះៗនៃដំណើរជីវិតរបស់ខ្ញុំ និងភរិយាខ្ញុំ។ ពេលនេះខ្ញុំនឹងរៀបរាប់អំពីការបែកគ្នា ដែលជារឿងឈឺចាប់មួយទៀត បន្ទាប់ពីកូនប្រុសកំសត់ស្លាប់ យ៉ាងវេទនានៅថ្ងៃ១០ វិច្ឆិកា ១៩៧៦។
ថ្ងៃ ២០ មិថុនា ២០១៦ ជាខួបលើកទី ៣៩ នៃថ្ងៃដែលខ្ញុំសំរេចចិត្តធ្វើការតស៊ូ ជាចំហរប្រឆាំងរបប ប៉ុលពត បន្ទាប់ពីការតស៊ូសម្ងាត់មួយរយៈកន្លងមក (២០ មិថុនា ១៩៧៧-២០​ មិថុនា ២០១៦)។ តាំងពីពេលរៀបការមក ខ្ញុំនិងភរិយាតែងរស់បែកគ្នា ដែលពួកអង្គការប៉ុល ពត បង្ខំឱ្យគ្រប់គ្រួសារខ្មែររស់នៅបែបនេះ។ ក្រោយ​កូន​ទី​មួយ​ស្លាប់ ខ្ញុំមានឱកាសបានមើលថែទាំភរិយាខ្ញុំដោយផ្ទាល់ អាស្រ័យដោយភរិយាខ្ញុំមានជម្ងឺ ដែលគេអនុគ្រោះឱ្យភរិយាខ្ញុំ បាន​មក​រស់​នៅ​ក្នុង​ទី​បញ្ជា​ការ​អង្គភាព​កងទ័ពនៅភូមិកោះថ្ម ឃុំទន្លូង ស្រុក មេមត់។
ទោះបីស៊ីអត់ ស៊ីឃ្លាន តែជាពេលវេលាមួយផ្តល់ឱកាសឱ្យ ខ្ញុំបំពេញភារកិច្ចជាប្តីថែរក្សាប្រពន្ធពេលមានជម្ងឺ។ យើងមានពេលបានសើច លាយ​ឡំ​ជា​មួយ​ទឹក​ភ្នែក​។ ខ្ញុំខិតខំរកវិធីដើម្បីកុំឱ្យភរិយាខ្ញុំ ស្រក់ទឹកភ្នែក ដោយព្យាយាមកុំឱ្យនឹកដល់កូនដែលស្លាប់ទៅ។ ប្រមាណ៣ខែ ក្រោយភរិយាខ្ញុំមានផ្ទៃពោះកូនទី២ គឺ ហ៊ុន ម៉ាណែត​នេះឯង។
ប្តីប្រពន្ធមានកូនតែងត្រេកអរ តែសំរាប់ខ្ញុំបែជាព្រួយទៅវិញ។ ហេតុអ្វីត្រូវព្រួយ? ខ្ញុំជាមេដឹកនាំតស៊ូសម្ងាត់ដែលត្រៀមជានិច្ច ដើម្បីប្រយុទ្ធដោយយោធាវាយរបប ប៉ុល ពត។ ការប្រយុទ្ធនឹងមកដល់គ្រាន់តែជា បញ្ហាពេលវេលាប៉ុណ្ណោះ។ ប្រសិនការប្រយុទ្ធកើតឡើង តើភរិយាខ្ញុំដែលមានផ្ទៃពោះត្រូវដោះស្រាយបែបណា?។ មានពេលខ្លះខ្ញុំគិតថាខ្ញុំមិនគួររៀបការ មានប្រពន្ធក្នុងកាលៈទេសៈបែបនេះទេ។
ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើង ខ្ញុំសម្រេចចិត្តបញ្ជូនភរិយាខ្ញុំ ដែលទើបមានផ្ទៃពោះប្រហែល១ខែ ទៅកាន់មន្ទីរពេទ្យយោធានៅភូមិ សំរោង ឃុំ ដារ​ ស្រុក មេមត់ ឃ្លាតពីកន្លែងខ្ញុំប្រហែលជិត ៣០គីឡូម៉ែត្រ ហើយក៏ជាកន្លែងដែលភរិយាខ្ញុំ បំពេញមុខងារជាគ្រូពេទ្យនៅទីនោះដែរ។ បែក​គ្នា​មុនៗ​គឺ​អង្គការ​ជា​អ្នក​បំបែក តែបែកគ្នាលើកនេះគឺខ្ញុំខ្លួនឯងជាអ្នករៀបចំ ដើម្បីត្រៀមខ្លួនវាយរបប ប៉ុល ពត។
ប៉ុន្មានខែមុនបែកគ្នា ទោះសភាពការណ៌តានតឹង ដោយសារពួកប៉ុល ពត បង្កើនការកាប់សម្លាប់មកលើប្រជាជនកម្ពុជាក៏ដោយ ក៏​ខ្ញុំ​តែង​មាន​ឱកាស​ទៅ​រក​ភរិយា​ខ្ញុំ ដែលគាត់តែងរស់នៅក្នុងសភាពភ័យខ្លាច។ ថ្ងៃ១៨ មិថុនា ១៩៧៧ ខ្ញុំមានឱកាសបានជួបភរិយាខ្ញុំជាលើកចុងក្រោយ។ ទោះជាខ្ញុំសំរេចចិត្តរួចហើយថា ស្អែក​ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​វាយ​ពួកប៉ុ​ល ពត ហើយក្តី តែខ្ញុំមិននិយាយរឿងនេះប្រាប់ភរិយាខ្ញុំនោះឡើយ នេះមិនមានន័យថា ខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះទេ
ខ្ញុំចង់ពន្យារការឈឺចាប់ ដែលប្រពន្ធខ្ញុំនឹងត្រូវទទួលនៅពេលបន្ទាប់ មិនចង់ឱ្យភរិយាខ្ញុំទទួលរងនូវការវាយប្រហារ ខាងផ្លូវចិត្តភ្លាមៗសំរាប់រឿងមួយដែលមិនទាន់ បាន​កើត​ឡើងនោះឡើយ ហើយខ្ញុំក៏មិនចង់ឃើញទឹកភ្នែកប្រពន្ធខ្ញុំទៀតដែរ ព្រោះទឹកភ្នែកនាងបានហូរចេញពីខ្លួនស្ទើរតែអស់ទៅហើយ សំរាប់​ខ្ញុំ​ក៏​មិន​សម្រក់​ទឹក​ភ្នែក​ឱ្យនាងឃើញដែរ។ ជាការចៃដន្យខ្លាំងណាស់ ដែលនារាត្រីនោះ កូនរបស់ខ្ញុំដែលសម្ងំក្នុងផ្ទៃម្តាយ ជាង៥ខែមកហើយបានបំរះជាលើកដំបូង។ ខ្ញុំគិត​ក្នុង​ចិត្ត​ថា ប្រហែលកូននេះវាចង់ប្រាប់ខ្ញុំថា ត្រូវតែតស៊ូកុំគិតពីវា តែក៏គិតមួយបែបទៀតថា កូននេះសុំខ្ញុំកុំទៅចោលម្តាយគេ និងខ្លួនគេ។
ថ្ងៃ ២០ មិថុនា១៩៧៧ ជាថ្ងៃគ្រោះថ្នាក់ធំបំផុតសំរាប់ជិវិតខ្ញុំ ប្រសិនសំរេចចិត្តឬធ្វើសកម្មភាពខុសតែបន្តិច គឺនឹងមានគ្រោះថ្នាក់ភ្លាម។ ខ្ញុំ​សំរេច​មិន​បញ្ជា​រក​ម្លាំង​ទ័ព​វាយ ​កាន់កាប់ស្រុកមេមត់ ស្រុកស្នួល និង ផ្នែកខ្លះនៃស្រុកជិតខាង នៃស្រុកទាំង២នេះទេ យើងដកកម្លាំងដោយស្ងាត់ស្ងៀមវិញ។ នាពេលរសៀលថ្ងៃ ២០ មិថុនា មុនពេលចាកចេញ ខ្ញុំបានបញ្ជារឱ្យបើកជង្រុក
ស្រូវដែលស្តុកស្រូវប្រមាណ១០០០ថាំង យកស្រូវកិនដាំបាយស៊ី។ នៅពេលនោះខ្ញុំក៏ឆ្លៀតរៀបចំប្រដាប់ប្រដារ យកតាមខ្លួននិងសំរាប់ផ្ញើឱ្យភរិយាខ្ញុំ។ របស់​ដែល​ខ្ញុំផ្ញើឱយភរិយាខ្ញុំ មានថ្នាំសំរាប់ស្ត្រីឆ្លងទន្លេមួយដបនិង អង្រឹងមួយសំរាប់កូនខ្ញុំក្រោយពេលគេកើតឡើង។ អ្វីដែលសំខាន់គឺលិខិតមួយច្បាប់ ដែល​ខ្ញុំ​សរសេរ​ផ្ញើឱ្យភរិយាខ្ញុំ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ហូរធ្លាក់មករហូតងងឹតទាំងភ្នែក រកសរសេរបន្តមិនកើតថែមទៀត។ នឹកដល់រឿងកំសត់ទាំងនេះ ខ្ញុំ​នៅ​តែ​ស្រក់​ទឹកភ្នែកនៅឡើយ បើទោះជារឿងនេះបានកន្លងហួស៣៩ ឆ្នាំហើយក្តី ហើយពេលនោះខ្ញុំទើបអាយុ២៥ឆ្នាំ និងពេលនេះខ្ញុំមានអាយុ៦៤ឆ្នាំហើយក្តី តែ​រឿង​នេះ​វា​នៅដិតដាម ជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច។
វគ្គដំបូងនៃលិខិតដែលខ្ញុំចងចាំមិនភ្លេចគឺ (មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយ​រហូត​ដល់​រូប​បង​មិន​ដឹង​ថា ខ្លួនស្ថិតនៅទីណាផង។ បងប្អូនពិតជាឆ្ងល់ហើយថា ហេតុដូចម្តេចបានជាមិនដឹងគោលដៅខ្លួនត្រូវទៅ? គោលដៅតស៊ូវាយរបប ប៉ុល ពត គឺជា​គោល​ដៅ​នយោ​បាយជាក់លាក់តែអរូបីយ៍ តែអ្វីដែលនឹងកើតឡើងមិនអាចដឹងបានឡើយ ជួនកាលត្រូវគេបាញ់សម្លាប់ ក្រោយសរសេរលិខិតរួច ជួនកាលចង់ទៅជើង តែសភាពការណ៌បង្ខំឱ្យទៅខាងត្បូងជាដើម។
នេះជាការចាប់ផ្តើមប្រកបដោយគ្រោះថ្នាក់ ដែលត្រូវយកជីវិតធ្វើដើមទុន ខុសគ្នាជាមួយការតស៊ូឆ្នាំ១៩៧០ ដែលខ្ញុំចូលព្រៃម៉ាគីស តាមការអំពាវនាវរបស់អតីត សម្តេចព្រះ នរោតម្ត សីហនុ ដែលកាលនោះមិនមានអ្វីត្រូវគិតច្រើនទេ ព្រោះមានអង្គការចាត់តាំងខាងនយោបាយ និងយោធារួចហើយ។ ខ្ញុំ​ជា​ទាហ៊ាន​គេ​ប្រើ​ឱ្យ​យាម​គឺ​យាម គេប្រើឱ្យដាំបាយ គឺដាំបាយ។ល។
លើកនេះខ្ញុំត្រូវធ្វើមេដឹកនាំចលនាតស៊ូ ដែលផ្តើមចេញពីចលនាសម្ងាត់តូចមួយ មិនទាន់មានអង្គការចាត់តាំង មិនទាន់មានកម្លាំង និងតំបន់គ្រប់គ្រង និង​កំពុង​ប្រឈម​ជា​មួយការបោសសំអាត កាប់សម្លាប់ពីសំណាក់ពួកប៉ុលពត។ ខ្លួនខ្ញុំដែលជាអ្នកសរសេរលិខិតនេះ មិនអាចរកពាក្យមកជំនួសពាក្យមិនថា ខ្លួន​ស្ថិត​នៅ​ទី​ណា​ផង។ ឃ្លារចុងក្រោយដែលខ្ញុំសរសេរគឺ (បងសូមលាហើយ លាដោយការឈឺចាប់ជាមួយ ទឹកភ្នែករាប់ម៉ឺនដំណក់ លាដើម្បីជួបវិញដោយគ្មានពេលកំណត់)។ ឃ្លារចុងក្រោយនេះបង្កប់ ដោយន័យមានសង្ឃឹមផង និងអស់សង្ឃឹមផង។
បងប្អូនអ្នកអាន នេះជាភាគតូចមួយនៃថ្ងៃព្រាត់គ្នា ២០ មិថុនា ១៩៧៧ ដែលផ្សាភ្ជាប់ជាមួយចលនាតស៊ូរំដោះជាតិ និង ឆ្នាំ១៩៩៥ ខ្ញុំ​និង​ភរិយា​រួម​គ្នា​និពន្ធ​បទ​ទុក្ខ​ស្រីប្តី​ព្រាត់ ដោយមានជំនួយពីឯកឧត្តមហ៊ុន ហេង។
ខ្ញុំនិងបន្តសរសេរតទៅទៀត នូវរឿងរ៉ាវទាក់ទងនិងដំណើរជីវិត នៃការតស៊ូដើម្បីរស់។ ហើយអត្ថបទនេះខ្ញុំសរសេរពេលធ្វើដំណើរពីទីក្រុង Sochi សហពន្ធ័រុស្សី មកកាន់ក្រុងភ្នំពេញ នៅពេលដែលខ្ញុំសំរាកលើយន្តហោះមិនបាន៕
1

Related Articles

Back to top button
Close
Close