ប៉ូលិសកម្ពុជា ស្នើឱ្យប៉ូលិស​ អន្តរជាតិ​ ជាង១៩០ប្រទេស ជួយចាប់ខ្លួន ឈូក បណ្ឌិត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ កក្កដា ២០១៥) ៖ ​តាមវីដេអូឃ្លីបមួយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ប៉ូលិសកម្ពុជា បានស្នើទៅ កាន់ ប៉ូលិសអន្តរជាតិ ថ្មីៗនេះ ជាង១៩០ប្រទេសរួចហើយ ដើម្បីឱ្យជួយតាមចាប់ខ្លួន លោក ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត ដែលបានបាញ់ប្រហារ លើកម្មករ រោងចក្រកៅវេ ឱ្យរងរបួសធ្ងន់ កាលពីឆ្នាំ២០១២ បើសិន ជាទណ្ឌិតរូបនេះ បានរត់គេចទៅក្រៅប្រទេស។

​លោក គៀត ច័ន្ទថារិទ្ធ បន្តថា «យើងនៅតែបន្ត ការងារនេះ ដោយមិនមាន ការបន្ធូដៃទេ ហើយទោះបីជាយ៉ាងណាក៏ដោយ គឺចុងក្រោយនេះ យើងបានស្នើសុំ ទៅអគ្គលេខាធិការ អង្គការនគរបាលអន្តរជាតិ ដើម្បីចេញនិវេទក្រហម…ហើយគេបានចាត់ទុកសំណុំរឿង របស់ លោក ឈូក បណ្ឌិតនេះ ឋិតនៅក្នុងនិវេទក្រហម ដូច្នេះលោក ឈូក បណ្ឌិត ត្រូវតែស្វែងរកចាប់ខ្លួន សម្រាប់កង កម្លាំង នគរបាលនៅលើពិភពលោក ហើយនិវេទក្រហមនេះ បានផ្ញើទៅកាន់ប្រទេសជាង១៩០ប្រទេស នៅលើ ពិភពលោក ដើម្បីមានភារកិច្ចចាប់ខ្លួន ប្រគល់មកឱ្យកម្ពុជាវិញ» ។

លោក គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ទៀតថា សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង និង នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យសមត្ថកិច្ចរាជធានីខេត្ត ស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត ហើយសមត្ថកិច្ច ក៏បានអំពាវនាវដែរថា បើសិនជាពលរដ្ឋណា បានប្រទះឃើញលោក ឈូក បណ្ឌិត សូមរាយ ការណ៍ មកកាន់សមត្ថកិច្ច ជាបន្ទាន់ ៕

2

Related Articles

Back to top button
Close
Close