កម្ពុជាស្នើម្ចាស់ជំនួយឲ្យផ្តល់កញ្ចប់ថវិកាបន្ថែមសម្រាប់លើកកម្ពស់ សុវត្ថិភាពចរាចណ៍នៅក្នុងឆ្នាំ២០១៤
នាង/សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៤ មករា ២០១៤) ៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយដៃគូម្ចាស់ជំនួយក្នុងការពិនិត្យ មើលសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៣ កន្លងមក និងលើកផែនការប្រចាំឆ្នាំ២០១៤ បន្ត លោក ពៅ ម៉ាលី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យដៃគូម្ចាស់ជំនួយបង្កើនការផ្តល់កញ្ចប់ថវិកាដល់ប្រទេសនេះ ឲ្យកាន់តែច្រើនថែមទៀត។
-
លោកអគ្គលេខាធិការបញ្ជាក់ថា ការស្នើឲ្យដៃគូម្ចាស់ជំនួយបង្កើនការផ្តល់កញ្ចប់ថវិកាដល់កម្ពុជា គឺដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ពិសេសការកាត់បន្ថយសោកនាដកម្មនានានៅតាមដងផ្លូវឲ្យមកនៅកម្រិតទាប។
នៅ ពេលម្ចាស់ជំនួយបង្កើនការផ្តល់កញ្ចប់ថវិកាបន្ថែម យើងនឹងមានចំនួនច្រើនទៀត សម្រាប់ការអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពក្នុងការអនុវត្តសកម្មភាពទាំងឡាយ សំដៅសម្រេចបានគោលដៅរបស់ខ្លួនក្នុងកាត់បន្ថយអត្រា គ្រោះចរាចរណ៍ក្នុងកម្រិត៥ភាគរយក្នុងមួយឆ្នាំៗ។
ក្នុងមួយឆ្នាំៗគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានទទួលកញ្ចប់ថវិកាប្រហែល ២លានដុល្លាក្នុងនោះថវិការបស់ម្ចាស់ជំនួយប្រមាណជាង១លាន ក្រៅពីនោះជាថវិកាជាតិ សម្រាប់ អនុវត្តកម្មវិធីលុបបំគ្រោះថ្នាក់ចរាចនៅក្នុងប្រទេសកម្ពុជា។
តាមគម្រោងនៅឆ្នាំនេះកម្ពុជាបានស្នើកញ្ចប់ថវិកាពីម្ចាស់ជំនួយចំនួនជាង១លានដុល្លា សម្រាប់យកទៅអនុវត្តសកម្មភាព សំខាន់ៗដូចជាការពង្រឹងច្បាប់ការអប់រំផ្សព្វផ្សាយពីការពាក់មួកសុវត្ថិភាព ការបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹងជាដើម។
ទោះជាយ៉ាងនេះក្តី សំណើរនេះ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយភាគីទាំងសងខាងកំពុងពិភាក្សាគ្នា ហើយសម្រាប់ ភាគីកម្ពុជាក៏មានផែនការស្នើការអនុវត្តគម្រោងរយៈពេល៥ឆ្នាំទៀត គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ខាងមុខ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់មកនៅត្រឹម៥០ភាគរយ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលសណ្តាប់ធ្នាប់ក្រសួង មហាផ្ទៃ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ ២០១៣ កើតឡើងចំនួន ៤ ៣២២ លើក ធ្វើឲ្យស្លាប់មនុស្សចំនួន ១៩០១ នាក់ របួសធ្ងន់ ៤ ២០៥ នាក់ និង របួសស្រាល ៣ ០០៣ នាក់។ ចំនួននេះបើធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០១២ ករណីគ្រោះថ្នាក់និងស្លាប់បានកើនឡើង ០,៤ ភាគរយ ឯរបួសធ្ងន់ថយចុះ ៤ ភាគរយ និងរបួសស្រាលថយចុះ ២ភាគរយ៕