រ៉ឺម៉ក​ដឹក​បន្លែ​ជិះ​បញ្រ្ចាស​ផ្លូវ​ទៅ​​បុក​ម៉ូតូ​មួយ​ទៀត​រង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ធ្នូ ២០១២ បុរស ២នាក់របួសធ្ងន់ម្នាក់ ស្រាលម្នាក់ ខណៈពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរ៉ឺម៉កដឹកបន្លែមួយគ្រឿង បើកលើផ្លូវបញ្ច្រាសទៅបុកម៉ូតូដួល ហើយព្យាយាមបើករ៉ឺម៉ករត់គេចបាត់ ស្ថិតនៅស្តុបផ្សារដើមគ តាមមហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ តាមមហាវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ចំណែករ៉ឺម៉កដឹកបន្លែពីលិចទៅកើត លើផ្លូវបញ្រ្ចាស ក្នុងទ្រូងពុះចែកផ្លូវជាមួយម៉ូតូដែរ បានបើកទៅបុកម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។ រីឯរ៉ឺម៉កដឹកបន្លែនោះព្យាយាមបើករត់គេចបាត់ស្រមោល ។

អ្នកបើកម៉ូតូមានឈ្មោះ សេត សេន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាអ្នកបើកតាក់ស៊ីម៉ែត្រ ពណ៌លឿង ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងអ្នកជិះពីក្រោយមានឈ្មោះ ស្នា អាយុ២៥ឆ្នាំ ធ្វើការ និងស្នាក់នៅជាមួយគ្នា ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទហៅមិត្តភក្តិបើករថយន្តតាក់ស៊ី ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រីឯម៉ូតូដឹកយកទៅរក្សាទុក ៕

Related Articles

Back to top button
Close
Close