វីតវីត ត្រូវគេទាក់ទងទៅធ្វើពិធីការិនីនៅអាមេរិក
ភ្នំពេញ ៖ ពិធីការិនីសម្បុរខ្មៅស្រស់ កំពុងតែលេចធ្លោប្រចាំស្ថានីយទូរទស្សន៍អប្សរា កញ្ញាវីតវីត ត្រូវលោកហ្វៃ សំអាង ជាអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តដាក់កម្មវិធី ថ្មីៗមួយចំនួនឱ្យនាងកាន់កាប់បន្ថែមទៀត ដោយយល់ថា នាងមានទេពកោសល្យគួរឱ្យចាប់អារម្មណ៍ ។ ទន្ទឹមនេះមានគេទាក់ទងវីតវីត ឱ្យទៅធ្វើជាពិធីការិនីក្នុងកម្មវិធីធំមួយនៅអាមេរិក ។
នេះ មិនមែនជារឿងមួយធម្មតាទេ ដែលកញ្ញាវីតវីត ត្រូវគេទាក់ទងឱ្យទៅអាមេរិក ក្នុងតួនាទីជាពិធីការិនី ខណៈដែលនៅចុងឆ្នាំ២០១៣ បងប្អូនខ្មែរយើងនៅទីនោះរៀបចំកម្មវិធីកម្សាន្តច្រើន ។
តាមប្រភពព័ត៌មានមួយឱ្យដឹងកាលពីពេល ថ្មីៗនេះថា មានអ្នកនៅស្រុកខ្មែរម្នាក់ត្រូវអាណិកជននៅអាមេរិកផ្តល់សិទ្ធិ ឱ្យរត់សំបុត្រស្នាម ផ្សេងៗ និងទាក់ទងយកពិធីការិនីពីរនាក់គឺ កញ្ញាឌួង ហ្សូរីដា និងវីតវីត ឱ្យទៅអត្ថាធិប្បាយក្នុងកម្មវិធីធំមួយ ហើយជម្រើសធ្លាក់ទៅលើវីតវីត ។ អ្នករត់ការរូបនោះបានទៅជូនដំណឹងនេះដល់កន្លែងធ្វើការរបស់ វីតវីត ដើម្បីឱ្យនាងបានដឹងជាមុន និងប្រាប់ពីថ្ងៃចេញដំណើរ ។
ប្រភព ដដែលឱ្យដឹងថា វីតវីត ទៅអាមេរិកអាចក្នុងអំឡុងខែធ្នូ ខាងមុខ ហើយកម្មវិធីដែលនាងទៅអត្ថាធិប្បាយនោះជាកម្មវិធីប្រឡងបវរកញ្ញា ។ កម្មវិធីដែលវីតវីត ត្រូវទៅនោះមានរយៈពេលខ្លី តែចាត់ទុកថាមានសំណាងម៉្យាងដែរ ដោយក្នុងជម្រើសពិធីការិនី ល្បីៗលំដាប់ជួរមុខជាច្រើននាក់ប្រចាំនៅកម្ពុជា ធ្លាក់លើរូប នាង ។ ចំពោះការប្រកួតបវរកញ្ញានៅអាមេរិកនោះ ក៏យកបេក្ខនារីមួយចំនួនពីស្រុកខ្មែរយើងឱ្យចូលរួមដែរ ដោយមានលក្ខខណ្ឌច្រើន ដែលអាចទៅចូលរួមបានមានទាំងសម្រស់ កម្ពស់ ពិសេសគឺចេះភាសាអង់គ្លេស ។
វីតវីត និយាយថា នាងមិនទាន់ហ៊ានសង្ឃឹមថា ក្តាប់ឱកាសនោះ១០០%ក្នុងដៃ ឬយ៉ាងណាទេ ព្រោះពេលវេលានៅយូរទៀត ។ បើនាងប្រាប់គេឯងថា រឿងនោះច្បាស់លាស់ហើយ តែបែរជាអាក់ខានវិញ ច្បាស់ជាខ្មាសគេមិនខាន ។ នាងទុកភាពជាក់លាក់នៃរឿងនេះទៅលើអ្នករត់ការ ។ វីតវីត និយាយថា នាងរីករាយនៅពេលបានទទួលដំណឹងនេះ ។ គ្រាន់តែដឹងថាទៅធ្វើអត្ថាធិប្បាយក្នុងកម្មវិធីធំបែបនេះ នាងបុកពោះរួចទៅហើយ ខ្លាចមិនអាចរ៉ាប់រងបាន ព្រោះមិនមែននៅទឹកដីយើង ៕ ស.រ/Cambodia News