អាមេរិកចង់ផ្តល់ជំនួយឲ្យប៉ាគីស្ថានជាថ្មីសម្រាប់យុទ្ធនាការប្រឆំាងនឹងភេរវនិយម
លោក នាយករដ្ឋមន្រ្តីនៃប្រទេស ប៉ាគីស្ថាន Nawaz Sharif កំពុងបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក។ លោក Sharif ត្រូវបានលោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry ទទួលជួបសំណេះសំណាលនៅយប់ថ្ងៃអាទិត្យ ទី២០ តុលាម្សិលមិញ។ បន្ទាប់មក លោក Sharif នឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីអាមេរិកអូបាម៉ានៅថ្ងៃពុធ ទី២៣ តុលា។
រដ្ឋបាល អាមេរិកំាងបានប្រកាសឲ្យដឹងពីបំណងរបស់ខ្លួនក្នុងការផ្តល់ ជំនួយជាថ្មីទៅឲ្យប្រទេសប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆំាងនឹង ភេរវនិយម។ គឺជាជំនួយផ្នែកសន្តិសុខដែលមានទឹកប្រាក់ប្រមាណជា ៣០៥ លានដុល្លារក្នុងមួយឆ្នំា និងដែលរដ្ឋបាលលោកអូបាម៉ាត្រូវសុំការអនុញ្ញាតពីសភាជាមុនសិន។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះ គឺជាលទ្ធផលទីមួយនៃដំណើរទស្សនកិច្ចរបស់លោកប្រមុខរដ្ឋាភិបាល ប៉ាគីស្ថាន Nawaz Sharif ក្នុងទីក្រុងវ៉ាស៊ីនតោន និងដែលលោក Sharif ទើបបានទទួលជួបដោយលោកប្រមុខការទូតអាមេរិក John Kerry កាលពីយប់ថ្ងៃអាទិត្យ ទី២០ តុលាម្សិលមិញ។
ជាសរុបសម្រាប់ថវិកាឆ្នំា ២០១៤ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាបានសុំលុយពីសភាចំនួន ១ ១៦២លានដុល្លារសម្រាប់ជួយប្រទេសប៉ាគីស្ថាន ក្នុងនោះមាន ៨៥៧លានដុល្លារសម្រាប់ផ្នែកស៊ីវិល និង ៣០៥លានដុល្លារសម្រាប់ផ្នែកសន្តិសុខ។ យោងតាមអ្នកនំាពាក្យក្រសួងការបរទេសអាមេរិក ជំនួយផ្នែកស៊ីវិលកំពុងមានបន្ត តែជំនួយផ្នែកសន្តិសុខត្រូវបានផ្អាកតំាងពីក្រោយប្រតិបត្តិការ ប្រឆំាងមេកើយ Oussama Ben Laden ក្នុងឆ្នំា ២០១១។
ក្រៅពីជំនួបជាមួយលោកប្រមុខការទូតអាមេរិក នៅមានជំនួបមួយទៀតដែលគ្រប់គ្នាកំពុងរង់ចំា និងបង្កប់ដោយនិមិត្តរូបនោះ គឺជំនួបជាមួយលោកប្រធានាធិបតីអាមេរិកអូបាម៉ានៅសេតវិមាននាថ្ងៃពុធ ទី២៣ តុលាខាងមុខ។ ជំនួបជាមួយលោកប្រធានាធិបតីនេះត្រូវបានគេចាត់ទុកជាលើកទីមួយ សម្រាប់ប្រមុខរដ្ឋាភិ បាលប៉ាគីស្ថាន តំាងពីការជាប់ឆ្នោតរបស់លោកអូបាម៉ាមក។
អ្វីដែលទីក្រុងវ៉ាស៊ីតោនចង់បាន គឺចង់ឲ្យរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាតប្រើប្រាស់ជំនួយផ្នែក សន្តិសុខនោះឲ្យចំទិសដៅ និងមានប្រសិទ្ធិភាព ពិសេសសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្កានីស្ថានជួនចំពេល ដែលអាមេរិកត្រៀមនឹងដកទ័ពរបស់ខ្លួននៅដំណាច់ឆ្នំា ២០១៤ ខាងមុខ។ នៅខាងភាគីប៉ាគីស្ថានវិញ លោក Nawaz Sharif មានគម្រោងលើកយកទៅនិយាយជាមួយភាគីអាមេកំាងអំពីទង្វើវាយប្រហារពី សំណាក់យន្តហោះអាមេរិកគ្មានមនុស្សបើកបរលើដែនដីប៉ាគីស្ថាន។ ជាទង្វើដែលលោកប្រមុខរដ្ឋាភិបាលធ្លាប់បានចាត់ទុក ជាការរំលោភបំពានលើអធិបតេយ្យជាតិរបស់ប៉ាគីស្ថាន។ ទំាងនេះដោយមិនភ្លេចទេ ពីប្រតិបត្តិការចូលស្ងាត់ៗរបស់កងកម្មង់ដូអាមេរិកប្រឆំាងនឹង Oussama Ben Laden ក្នុងទឹកដីប៉ាគីស្ថានកាលពីឆ្នំា ២០១១ កន្លងមក៕ដោយ គួច គន្ធារ៉ា (RFI)