សហភាពសហព័ន្ធសហជីពជាតិកម្ពុជា អំពាវនាវឲ្យកម្មករ រក្សាភាពស្ងប់ស្ងៀម
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកញ្ញា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលដឹកនាំដោយលោក ជួន មុំថុល បានធ្វើការអំពាវនាវមួយដល់សមាជិករបស់ខ្លួន ដែលអះអាងថា មានចំនួន១៧ សហព័ន្ធសហជីពតំណាងឲ្យកម្មករកម្មការិនី ដែលធ្វើការចំរុះ ដូចជាវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ដេរស្បែកជើង កំពង់ផែ ស្បៀងអាហារ សំណង់ ព្រៃឈើ នេសាទក្នុងប្រទេសកម្ពុជា បានចេញសេចក្តីអំពាវនាវឲ្យកម្មករ ស្ងប់ស្ងៀម កុំចាញ់បោកអ្នកនយោបាយ ទៅចូលរួមកំឡុងពេលដែលគណបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្មនៅថ្ងៃទី០៧ កញ្ញា ចុងសប្តាហ៍នេះ។
ការចេញជូនដំណឹងនោះ ត្រូវបានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បញ្ជាក់ថា ដោយយោងតាមសេចក្តីអំពាវនាវ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២ ខែកញ្ញានោះ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា សូមជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលសហភាពសហពន្ធ័សហជីពជាតិកម្ពុជា និងសមាជិកទាំងអស់រក្សាភាពហ្នឹងនស្ងៀមស្ងាត់ បន្តបំពេញភារកិច្ច តាមតួនាតីរៀងៗខ្លួន ជៀសវាងការចូលរួមតាមការញុះញង់អូសទាញ និងការឃោសនារបស់អ្នកនយោបាយមួយចំនួន ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ជីវភាពរបស់បងប្អូន។
នៅក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី និយោជិត ជាក់ស្តែងក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំរុះត្រីភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តការសិក្សាស្រាវជ្រាវ អំពីបញ្ហាតំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត។
សូមរំលឹកថា សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោក ជា មុនី នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានធ្វើការអំពាវនាវមួយដល់សមាជិករបស់ខ្លួន ឲ្យធ្វើពហិការដោយ មិនធ្វើការបន្ថែមម៉ោង ដើម្បីជាចូលរួមកំឡុងពេលដែលគណបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្មនៅថ្ងៃទី០៧ កញ្ញា ចុងសប្តាហ៍នេះ៕ Cambodia News