ប៉ូលិសថៃ​​ចាប់​បាន​​ថ្នាំញៀន​អំហ្វេតាមីន​ជិត​មួយលាន​គ្រាប់​ ជា​បរិមាណខ្ពស់​ប្រចាំឆ្នាំ​

នៅ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ នៅ​ជិត​ព្រំដែន​រវាង​ភូមា និង​ថៃ ប៉ូលិស​ថៃ​បាន​ប្រតិបត្តិការ​ចាប់​បាន​ថ្នាំ​ញៀន​អំហ្វេតាមីនជិត​មួយលាន​ គ្រាប់ ដែល​ជន​ល្មើស​បាន​លាក់​បង្កប់​នៅ​ក្នុង​ដំបូល​រថយន្ត។ ជនល្មើស​បួននាក់​​ត្រូវ​បាន​ចាប់​ខ្លួន។ ពួកគេ​ធ្វើការ​អោយ​​មេក្រុម​ចោរ​ម្នាក់​ដែល​បាន​ភៀសខ្លួន ទៅ​នៅ​ភូមា។ ជនល្មើស​ទាំង​៤​​ ​អាច​ទទួល​ទោស​ជាប់ពន្ធនាគារ​រាប់​សិប​ឆ្នាំ រឺ​ក៏​រហូត​ដល់​ប្រហារជីវិត​ទៀតផង។

៩សែន៨ម៉ឺន នេះជា​ចំនួន​គ្រាប់​ថ្នាំញៀន​អំហ្វេតាមីន ដែល​ថៃ​ហៅថា យ៉ាបា​ ប្រមូល​បាន​ដោយ​​​​កងកម្លាំង​ថៃ​ ​ នៅ​ក្នុង​ដំបូល​រថយន្ត​មួយគ្រឿង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ សំរាប់​ប៉ូលិស បរិមាណ​នេះ ជាបរិមាណ​ខ្ពស់​ប្រចាំ​ឆ្នាំ។ បើគិតជា​ចំណូលទឹកប្រាក់​សំរាប់​ជនល្មើស គ្រាប់​ថ្នាំ​ញៀន​ជិតមួយលាន​គ្រាប់​នេះ មាន​តំលៃ​​​ដល់ទៅ​៦លាន​ដុល្លារ​ឯណោះ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញទាក់ទង​​មួយមក​ ប៉ូលិស​ថៃ​​បាន​ដាក់​របាំង​នៅ​ខេត្ត​ឈៀងរ៉ៃ ភាគ​ខាងជើង​ប្រទេស ដើម្បី​ឃាត់​ខ្លួន​ជនល្មើស និង​ឆែកឆេរ​រក​ថ្នាំ​ញៀន។ ភាគ​ខាងជើង​ថៃ​ស្ថិត​នៅ​ក្នុង​តំបន់​ត្រីកោណ​មាស ដែល​គិតរួម​ទៅ​​ក៏​មាន​​​ដែនដី​មួយភាគ​នៃ​ប្រទេស​ភូមា និង​ប្រទេស​ឡាវ​ផងដែរ។ តំបន់​ត្រីកោណ​មាស​​​ជា​ជំរក​គ្រឿងញៀន​ដ៏ល្បីល្បាញ​ ពិសេស​ជា​ជំរក​នៃ​ថ្នាំញៀន​អំហ្វេតាមីន​តែម្តង។

យោងតាមការិយាល័យ​ទទួលបន្ទុក​គ្រឿងញៀន​នៃ​អង្គការ​សហប្រជាជាតិ រៀងរាល់ឆ្នាំ​ តំបន់​ត្រីកោណ​មាស​ បាន​ផលិត​ថ្នាំ​ញៀន​អំហ្វេតាមីនប្រមាណ​មួយពាន់លាន​បួនសែន​គ្រាប់ គិត​ជាទឹកប្រាក់ គឺ​៨ពាន់លាន​៥សែនដុល្លារ។

រដ្ឋាភិបាល​ថៃ​បាន​ដាក់​​ការ​ប្រយុទ្ធ​គ្រឿងញៀន​ជា​អាទិភាព​កិច្ចការ​ជាតិ។  ​គ្រឿងញៀន​អំហ្វេតាមីន​​​បាន​ថយចុះ​ ក្នុង​របបដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ចន្លោះ​ឆ្នាំ​២០០១​ដល់​២០០៦។ ប៉ុន្តែ បាន​កើន​ឡើង​មកវិញ​ នៅ​ក្នុង​ពេលបច្ចុប្បន្ន ពិសេស​នៅ​សាលារៀន​នានា​នៅ​តាម​ខេត្ត និង​នៅ​តាម​ក្លឹប​រាត្រីក្រុងបាងកក៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close