សោម ម៉ាល័ក្ខ ប្រកាសមិនទទួលអ្នកថ្មី បន្ទាប់ពីបេះដូងរបួសមិនទាន់សះ
ភ្នំពេញ៖ បន្ទាប់ពីបែកបាក់ជាមួយកូនប្រុសអ្នកដឹកនាំ រឿង អ្នកស្រី ពាន់ ភួងបុប្ផា រួចមក នាង សោម ម៉ាល័ក្ខ បានចេញមុខប្រកាសមិនទទួលយកបេះដូងមកស្អំវិញឡើយ មិនដឹងថា តារាសម្តែងមានការលើកស្ទួយដោយអ្នកស្រី ពាន់ ភួងបុប្ផា រូបនេះ គិតយ៉ាងម៉េចទេ ។ ការប្រកាសបិទបេះដូងរបស់នាង ពេលនេះស្របពេលដែលបេះដូងមានស្នាមរបួសធ្ងន់កំពុងតែព្យាបាល ។
ម៉ាល័ក្ខ និយាយប្រាប់សារ ព័ត៌មាន Cambodia News ថា ប្រសិនបើខ្ញុំទទួលយកស្នេហាក្នុងពេលនេះ វាដូចជាឆាប់ពេកហើយ ហើយអ្នកផ្សេងគេមើលមកយ៉ាងម៉េចទៅ ។ អតីតតារាម៉ូដែលក្នុងក្រុមសាពណ៌រូបនេះ បន្តថា មិនទាន់ដល់ពេលទេ យ៉ាងហោចណាស់ក៏ត្រូវការពេលពីរទៅបីឆ្នាំទៀតដែរ និយាយរួមមិនឱ្យលើសវ័យ២៦-២៧ឆ្នាំឡើយ ខណៈបច្ចុប្បន្ននាងមានវ័យ២៣ឆ្នាំហើយ ។
ជាការពិតតាំងពីបែកបាក់គ្នាជាមួយស្វាមីលោក ទូច ភួងវីរៈ កូនប្រុសអ្នកដឹកនាំរឿងល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា មក គឺមានអ្នកសុំស្រឡាញ់នាងជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាំងចាស់ ទាំងក្មេងថែមទៀត ក្នុងនោះអ្នកខ្លះបានធានាគ្រប់យ៉ាងឱ្យតែនាងយល់ព្រមទទួលយក ក្តីស្រឡាញ់ពីគេ ។ ប៉ុន្តែនាងបានបង្ហាញពីអារម្មណ៍ខ្លាចរអាអំពីស្នេហា ដោយនាងប្រកាន់ខ្ជាប់នូវពាក្យដដែលថា មិនទាន់គិតគូរពេលនេះឡើយ ដោយទុកពេលវេលាយូរទៀតទើបសម្រេចចិត្ត ។ ការប្រកាសបិទទ្វារបេះដូងនេះ អាចមកពីមូលហេតុមួយចំនួនខ្លាចប៉ះចំស្នេហ៍បែកបាក់ដូចគ្រាមុនទៀត ។
អ្នកនាង ម៉ាល័ក្ខ បញ្ជាក់ថា ការឈឺចាប់ និងគំនាបផ្លូវចិត្តបាននាំឱ្យនាងមិនមានអារម្មណ៍គិតគូររឿងនេះជា ថ្មីម្តងទៀតក្នុងវេលានេះឡើយ ក្រៅពីគិតពីការងារ និងជំនួញផ្ទាល់ខ្លួនតូចមួយដើម្បីបន្លប់ចិត្តនោះ ។
អ្នកនាង សោម ម៉ាល័ក្ខ ទើបធ្លាយព័ត៌មានបាក់បែកស្វាមីកាលពីប្រមាណ១ខែមុននេះ បន្ទាប់រៀបការហើយបានជាង១ឆ្នាំ រស់នៅបែកគ្នានៅជើងមេឃម្ខាងម្នាក់ (ប្តីនៅអាមេរិក ភរិយានៅកម្ពុជា) បន្សល់ទុកនូវការសង្ស័យមួយចំនួន ។ ទោះយ៉ាងនេះក្តី ពាក់ព័ន្ធនឹងរឿងនេះតារាសម្តែងទទួលបានការចាប់អារម្មណ៍ក្នុងរឿង «ភ័ព្វសំណាង» រូបនេះ សុំមិនរំលឹកឡើងវិញឱ្យស៊ីជម្រៅឡើយ ។ នាងនិយាយថា អ្វីដែលហួសមិនចង់រំលឹកឡើយ៕ ស.រ/Cambodia News