ក្រុមឧទ្ទាមស៊ីរីត្រៀមវាយលុកយកក្រុងនិងខេត្តអាឡេប តាមសំណូមពរអារ៉ាប៊ី សាអ៊ូឌីត
យោងតាមប្រភពព័ត៌មានមិនបញ្ចញឈ្មោះ មួយ នៃក្រុមប្រឆាំងស៊ីរី ក្រុមឧទ្ទាមស៊ីរីកំពុងត្រៀមខ្លួន ដើម្បីវាយលុកដណ្តើមយកទីក្រុងនិងខេត្តអាឡេប ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី ពីកងទ័ពប្រធានាធិបតីអាសាដ។ ការវាយលុកនេះ គឺធ្វើឡើងទៅតាមសំណូមពររបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាប្រទេសដែលគាំទ្រសម្ព័ន្ធប្រឆាំងស៊ីរី។
អារ៉ាប៊ី សាអ៊ូឌីត គឺជាប្រទេសដែលធ្វើសំណូមពរដល់ក្រុមឧទ្ទាមស៊ីរី អោយវាយលុក ដណ្តើមពីកណ្តាប់ដៃកងទ័ពប្រធានាធិបតីអាសាដ នូវទីក្រុងនិងខេត្ត អាឡេប ដែលជាទីកន្លែងសេដ្ឋកិច្ចសំខាន់មួយ ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើយោងតាមប្រភពព័ត៌មានមិនបញ្ចញឈ្មោះមួយ នៃក្រុមប្រឆាំងស៊ីរី។ ជារៀងរាល់ថ្ងៃ អារ៉ាប៊ី សាអ៊ូឌីត បានបញ្ជូនអាវុធនិងគ្រឿងរំសេវផ្សេងៗ ដល់ ក្រុមឧទ្ទាម ដើម្បីត្រៀមធ្វើការវាយលុកយកខេត្តអាឡេប។ ដោយឡែក យោងតាមប្រភពព័ត៌មានដែលគាំទ្ររដ្ឋាភិបាលស៊ីរីវិញ កងទ័ពស៊ីរីកំពុងត្រៀមការពារខ្លួនយ៉ាងប្រុងប្រយ័ត្ន ព្រោះកងទ័ពខ្វះខាតកម្លាំងដើម្បីវាយប្រហារ។
កាលពីថ្ងៃ ចន្ទ នៅភាគខាងលិចក្រុងអាឡេប ក្រុមឧទ្ទាមបានទទួលជោគជ័យក្នុងការវាយដណ្តើមក្រុងខាន់ អាល់អាសាល់ ដែលជាកំពែងការពាររបស់រដ្ឋាភិបាលស៊ីរី ដោយជោគជ័យ។ ហើយជំហានបន្តទៅនេះ ក្រុមឧទ្ទាមចង់ដណ្តើមយកបណ្ឌិតសភាអាសាដ ស្ថិតនៅច្រកចូលខាងត្បូងក្រុងអាឡេប ចំងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីក្រុង ខាន់ អាល់អាសាល់។ យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្ស បណ្ឌិតសភាមួយនេះ ជាកន្លែងដែលយោធាធ្វើប្រតិបត្តិការ។
ដោយឡែក អំពើហិង្សានៅតែបន្តមានក្នុងប្រទេស។ កាលពីថ្ងៃអង្គារ នៅក្រុងណាវ៉ា ភាគខាងត្បូងស៊ីរី ជិតព្រំដែនប្រទេសហ្សកដានី ការបាញ់ប្រហារនានាតាមផ្លូវអាកាស បានសម្លាប់មនុស្ស ២២នាក់ ភាគច្រើនជាជនស៊ីវិល។ នៅភាគពាយព្យវិញ ការវាយប្រហាររវាងជនជាតិភាគតិចKurde និងក្រុមឧទ្ទាមជីហាដ បានសម្លាប់មនុស្សយ៉ាងតិច១៧នាក់ ភាគច្រើនជាសកម្មជនឧទ្ទាម។ នៅទីនោះ ជនជាតិភាគតិច Kurde ចង់បង្កើតតំបន់ស្វ័យយតមួយ។
ដោយឡែក នៅថ្ងៃពុធនេះ អ្នកទទួលខុសត្រូវអង្គការសហប្រជាជាតិពីររូប បានមកដល់ក្រុងដាម៉ាស ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលស៊ីរី ស្តីពីការចូលទៅកាន់តំបន់វាយប្រហារដែលអាចមានប្រើអាវុធគីមី។ កងទ័ពលោកអាសាដ និងក្រុមឧទ្ទាមតែងចោទគ្នាទៅវិញទៅមកថា បានប្រើអាវុធជាតិគីមីក្នុងការវាយប្រហារកន្លងមក៕ដោយ ព្រំ សឿន សូលីណា (RFI)