ប៉ុន្មានឆ្នាំនេះវិស័យធានារ៉ាប់រងមានការរីកចម្រើន ប៉ុន្តែការចូលរួមចំណែករបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិនៅមានកម្រិតទាបនៅឡើយ

Cambodia News

ភ្នំពេញ ៖ ​នៅ​ប៉ុន្មាន​ឆ្នាំ​នេះវិស័យ​ធានារ៉ាប់រង​មានការ​រីកចម្រើន​ ប៉ុន្តែ​ការចូលរួម​ចំណែក​របស់​វិស័យ​នេះ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​នៅ​មាន​កម្រិតទាប​នៅឡើយ ពោល​គឺបានត្រឹមតែប្រមាណ ១,១១% ប៉ុណ្ណោះ​​ក្នុង​​ឆ្នាំ​ ២០២៥។ នេះ​បើ​តាម​លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​។ ការចូលរួមចំណែកនេះនៅមានកម្រិតទាបនៅឡើយ បើធៀប​ទៅនឹងបណ្តា​ប្រទេសផ្សេងៗទៀត​នៅក្នុង​តំបន់។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​លើក​ពី​បញ្ហា​ប្រឈម​ចម្បងៗ​ចំនួន​ពីរ​ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ធានារ៉ាប់រង​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ។

លោក​លើក​ឡើង​កត្តា​ទី​មួយ​គឺ​ការ​ខ្វះ​ការ​យល់ដឹង​ ដែល​ប្រជាពលរដ្ឋ​នៅ​មិនទាន់​បានយល់​ច្បាស់​អំពី​អត្ថប្រយោជន៍​​នៃ​ការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង។ កត្តា​មួយ​ទៀត​គឺ​កង្វះ​ទំនុក​ចិត្ត​ទៅលើ​គុណភាព​នៃ​ការ​ផ្តល់​សេវាកម្ម​ពី​ក្រុមហ៊ុន​​ផ្តល់​សេវា​ធានារ៉ាប់រង។

ដើម្បីអភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​ក្នុងប្រទេស​កម្ពុជា​​ ក្នុង​គោលដៅ​​បង្កើន​ការ​ជឿជាក់ដល់ប្រជាពលរដ្ឋ លោក ប៊ូ ច័ន្ទភីរូ បាន​​ឲ្យ​ដឹង​ថា និយ័តករធានារ៉ាប់រង​កម្ពុជា (IRC) ​បាន​ឈាន​ទៅ​ចុះ​អនុស្សរណៈយោគយល់គ្នា​ជាមួយ​វិទ្យាស្ថាន​ធានារ៉ាប់រង និង​ហិរញ្ញវត្ថុ​​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ (ANZIIF) ដើម្បី​ពង្រឹងកិច្ច​សហប្រតិបត្តិការ​យូរអង្វែងក្នុង​ការអភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​នៅ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​។

លោក ប៊ូ ច័ន្ទភីរូ បាន​បញ្ជាក់ថា គោលបំណង​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​នេះ ដើម្បី​​ផ្លាស់​ប្តូរ​ជំនាញ និង​ប​ទពិសោធន៍ រួមទាំង​ការ​សហការ​​គ្នា​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ ដើម្បី​លើកកម្ពស់​​វិជ្ជាជីវៈវិស័យធានារ៉ាប់រងក្នុងប្រទេស​កម្ពុជា ដើម្បី​ឈាន​ដល់កម្រិតស្តង់ដា​ទទួល​ស្គាល់​ជា​សកល​​។

លោក ប៊ូ ច័ន្ទភីរូ មើល​ឃើញ​ថា នៅ​ពេល​ដែល​គុណភាព​សេវាកម្ម​ក្នុង​វិស័យ​ធានារ៉ាប់រង​ក្នុងប្រទេស​កម្ពុជា​ ត្រូវ​បាន​ពង្រឹង​ដល់​កម្រិត​ស្តង់​ដារ​អន្តរជាតិ​នោះ​ ប្រជាពលរដ្ឋ​នឹង​មានទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ងាក​មក​ប្រើប្រាស់​សេវា​ធានា​រ៉ាប់​រង​កាន់​តែ​ទូលំទូលាយ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ធ្វើឱ្យវិស័យ​នេះ​អាចរីកចម្រើន​បានកាន់​តែ​លឿន។

គិត​ត្រឹម​ឆ្នាំ ២០២៥ ចំនួន​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៣៩ ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៨ ក្រុមហ៊ុន ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន ១៣ ក្រុមហ៊ុន ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​មាន​ចំនួន ៧ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​មាន​ចំនួន ១ ក្រុមហ៊ុន។

​​របាយការណ៍​ពី​និយ័តករ​ធានារ៉ាប់រង​កម្ពុជាបានបង្ហាញថា​ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​បាន​រីកធំធាត់​រហូត​ដល់​ប្រមាណ ៣៦៧ លាន​ដុល្លារ​អាមេរិក។ ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ច្រើន​ជាង ១.២ ពាន់​លាន​ដុល្លារ​អាមេរិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close