អ្នកកាសែតឌឹខែមបូឌាដេលី ចូលបំភ្លឺនៅតុលាការខេត្តកោះកុង
នៅថ្ងៃទី១៧ ឧសភា ២០១២ អ្នកកាសែតឌឹខែមបូឌាដេលី ឈ្មោះ ផន បុប្ផា ភេទស្រី បានចូលបំភ្លឺចប់រួចរាល់ហើយ នៅចំពោះមុខលោក មីន មករា ចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង តាមដីកាកោះហៅរបស់តុលាការខេត្តកោះកុង ពាក់ព័ន្ធរឿងឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា ប៉េអឹមខេត្តកោះកុង។ ប៉ុន្តែសវនាការនេះ ខាងតុលាការពុំបានបញ្ចេញខ្លឹមសារជាសាធារណៈទេ ហើយការធ្វើដំណើររបស់ស្ត្រីអ្នកកាសែតរូបនោះ មកតុលាការខេត្តកោះកុង ក៏ជាការសម្ងាត់ដែរ។
សូមបញ្ជាក់ថា ជុំវិញ រឿងឃាតកម្មកាលពីថ្ងៃទី២៦ មេសា ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានករណីបាញ់សម្លាប់ឈ្មោះ ឈុត វុទ្ធី និងឈ្មោះ អ៊ិន រតនា។ ហើយត្រូវបានប៉េអឹមធ្វើរបាយការណ៍ កាលពីថ្ងៃទី២៧ មេសា ២០១២ ដោយបង្ហាញថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក បន្ទាប់ពីជម្លោះពាក្យសម្តី បន្ទាប់មកប៉េអឹមនោះ ក៏បានធ្វើអត្តឃាតដោយបាញ់ខ្លួនឯង។
លោក មីន មករា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនជនសង្ស័យ ឈ្មោះ រ៉ាន់ បូរ័ត្ន សន្តិសុខក្រុមហ៊ុន Timber Green ក្រោមបទចោទប្រកាន់ មនុស្សឃាតដោយអចេតនា ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា កាលពីថ្ងៃទី២៦ មេសា ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង៕