​បុរសម្នាក់ប្រើអំពើហិង្សា​ក្នុងគ្រួសារយកកាំភ្លើង​មកភ្ជង់ក្បាលប្រពន្ធ

បុរស​ម្នាក់​ដោយ​ខឹង​ប្រពន្ធ​ពុំ​រៀបចំ​បាយ​ឲ្យ​ហូប ​ក៏បាន​វាយ​ដំ​ ​និង​ទាញ​ក្បាល​ប្រពន្ធ​យក​កាំភ្លើង​​មក​ភ្ជង់​​គំរាម​បាញ់​សម្លាប់ចោល ប៉ុន្តែ​​ខណៈ​ពេល​នោះ​មាន​អ្នកជិតខាង​មក​ជួយ​  នៅ​ពេល​ស្ត្រី​ជា​ប្រពន្ធ​រើ​រួច ​ក៏​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ករណី​អំ​ពើ​ហិង្សា​នេះ​កើត​ឡើង​កាលពី​ថ្ងៃទី ​៧ ​​​ឧសភា​ ​​ ២០១២ ​វេលា​ម៉ោង​៥ល្ងាច​ នៅ​ភូមិ​ក្បាល​ជ្រោយ ​ឃុំ​កំពង់​ភ្នំ ​ស្រុក​លើកដែក ​ខេត្តកណ្តាល។​ ​ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​​ឈ្មោះ រឿន ស្រី​ឯ​ប្ដី​ឃោរឃៅ​ឈ្មោះ គ្រុយ ឆេង ។

ស្ត្រី​ជា​ប្រ​ពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​រួមរស់​ជាមួយគ្នា​បានកូន៤នាក់ ស្រី៣នាក់ ប្រុស​ម្នាក់ ប្ដី​របស់​គាត់​តែងតែ​វាយ​ធ្វើបាប​គាត់​តាំងតែ​ពី​កូន​ទី១មកម្ល៉េះ តែ​គាត់​ចេះតែ​ទ្រាំ​ដើម្បី​អនាគត​កូនៗ តែ​ពេលនេះ គាត់​ទ្រាំ​លែងបាន​ហើយ​ព្រោះ មិន​វាយ​នឹង​ដៃ​ឬ ដំបង​ទេ ប្ដី​គាត់ បាន​យក​កាំភ្លើង​មក​ភ្ជង់​គំរាម បាញ់សម្លាប់ ចោល​មួយ​ពូជ​ថែមទៀត។

តាម​សមត្ថកិច្ច​ប៉ូលិសបាន​​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​កម្លាំង​ប៉ូលិស ក៏​ទៅ​ធ្វើ​ការឃាត់ខ្លួន ទាំង​អាវុធ ទាំង​មនុស្ស បញ្ជូនមក​អធិការដ្ឋាន ។ ប៉ូលិស​បញ្ជាក់​ទៀត​ថា រឿង​អំពើ​ហិង្សា​ជា​ទោស​មួយ ឯ​រឿង​លាក់​អាវុធ​ខុសច្បាប់​ក៏​ជា​ទោស​មួយទៀត​ដែរ ឥឡូវ​ប៉ូលិស​កំពុង​កសាង​សំណុំ​រឿង​នេះ​បញ្ជូនទៅ​តុលាការ៕

Related Articles

Back to top button
Close
Close