រថ​យន្ត​បែក​កង់ ​រេចង្កូត​ទៅ​បុក​ម៉ូតូ​៣​គ្រឿង​

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈកំពុងបើករថយន្ត ស្រាប់តែបែកកង់ រេចង្កូតទៅ បុករ៉ឺម៉កដឹកទឹកកក រួចជ្រុលទៅបុកផ្ទះលក់ទិញវិទ្យុទាក់ទង២ ផ្ទះជាប់គ្នាបែកទូកញ្ចក់ដាក់តាំងលក់វិទ្យុទាក់ទងអស់២ និងបុករះម៉ូតូ ៣គ្រឿង បាក់ជើងម្ចាស់ម៉ូតូម្នាក់ ដែល កំពុងអង្គុយនៅលើម៉ូតូ ។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃទី២០ ធ្នូ តាមផ្លូវលេខ១៦៣ កែង៤០៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

បុរសអាណិកជនវ័យចំណាស់មកពីសហរដ្ឋអាមេរិក ដែលជាអ្នកបើករថយន្តកូរ៉ូឡា ពណ៌ទឹកសមុទ្រ បានប្រាប់ថា រូបគាត់ មានអាយុ៦០ឆ្នាំ បានបើករថយន្តតាមផ្លូវលេខ១៦៣ ពីត្បូង ទៅជើង ក្នុងល្បឿនយឺតៗទេ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់មុខខាងឆ្វេង បណ្តាលឲ្យរេចង្កូត ទៅបុករ៉ឺម៉កដឹកទឹកកកបាក់ចន្ទាសខាងឆ្វេង រួចរថយន្តជ្រុលទៅបុកចូលផ្ទះលក់ទិញវិទ្យុទាក់ទងយីហោ៩៨ ប៊ុន ណាក់ ផ្ទះលេខ១៤៣Eo និងផ្ទះលេខ១៤១ យីហោ អ៊ុំស៊ី ៤៣ រួចទៅបុកម៉ូតូ ៣គ្រឿង ម៉ាកសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ២គ្រឿង និងម៉ាកសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ចតនៅមុខផ្ទះ អ៊ុំស៊ី៤៣ ដោយបុកអូសម៉ូតូសេ១១០ ស៊េរី២០១២ មួយគ្រឿង នៅជាប់ក្រោមរថយន្ត មួយគ្រឿងទៀត ខ្ទាតចេញក្រៅ និងម៉ូតូសេ១២៥ ស៊េរី២០១២ ម្ចាស់ម៉ូតូនៅអង្គុយលើម៉ូតូនិយាយជាមួយអ្នកលក់វិទ្យុទាក់ទង បណ្តាលឲ្យ បុកប៉ើងរបួសបាក់កជើងខាងឆ្វេង និងបែកប្រអប់ជើង ។

ជនរងគ្រោះបាក់កជើង ត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតទៅដឹក តែសាច់ញាតិ សូមឲ្យដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯបុរសវ័យចំណាស់ ជាអាណិកជន រថយន្តបង្ក រួមជាមួយម៉ូតូ២គ្រឿង ដែលខូចខាត យ៉ាងដំណំនោះ ត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close