ឱកាសបុណ្យចូលឆ្នាំខ្មែរទណ្ឌិត១៣១នាក់ត្រូវបានលើកលែងទោសនិងបន្ធូរបន្ថយទោស
នៅថ្ងៃទី២០ មេសា ២០១២ លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ ក្រសួងយុត្តិធម៌បានស្នើទៅព្រះមហាក្សត្រ សុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅតាមបណ្ដាពន្ធនាគារ នៃខេត្តក្រុងទូទាំងប្រទេស មានចំនួន ១៣១ នាក់។
លោកបាន បញ្ជាក់ថា ទណ្ឌិតដែលលើកលែងទោសទាំងស្រុង មានចំនួន ២៦ នាក់ ទណ្ឌិតបន្ធូរបន្ថយទោស ១២ ខែ មាន ១៥ នាក់ ទណ្ឌិតបន្ធូរបន្ថយទោស ១ ខែ មាន ២៣ នាក់ និងបន្ធូរបន្ថយទោស ៦ ខែ មាន ៦៧ នាក់។
ជាទូទៅ តាមទម្លាប់នៅក្នុងពិធីបុណ្យជាតិធំៗ និងបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងចម្រើនព្រះជន្មព្រះមហាវីរក្សត្រ ក្រសួងយុត្តិធម៌តែងតែបង្គាប់ឲ្យមន្ត្រីពន្ធនាគារបញ្ជូនឈ្មោះទណ្ឌិត ដែលបានកែប្រែអត្តចរិតនៅក្នុងពន្ធនាគារបានល្អ មកកាន់ក្រសួងយុត្តិធម៌ ដើម្បីស្នើសុំព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស ដើម្បីឲ្យពួកគេបានរួចផុតពីការជាប់ពន្ធនាគារ ហើយកែប្រែខ្លួនជាពលរដ្ឋល្អវិលត្រឡប់ទៅចូលរួមរស់នៅក្នុងសង្គមវិញ៕