យុវជន​ស្ម័គ្រចិត្ត​ចូល​រួម​លើក​តម្កើង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៣

សំ ច័ន្ទម៉ាលីនី

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កំពុង​ស្តាប់​ប្រធាន​ក្រុម​ពី​ការ​ហាត់​សម ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កំពុង​ស្តាប់​ប្រធាន​ក្រុម​ពី​ការ​ហាត់​សម ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

សៀមរាប៖ យុវជន​​​រាប់​​រយ​នាក់​​បាន​​​ស្ម័គ្រ​ចិត្ត​​ចូល​​រួម​លេង​​ល្បែង​​ប្រជាប្រិយ​​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ដែល​នឹង​​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ​នា​ថ្ងៃ​ទី ១៤-១៦ មេសា ២០១៣ ខាង​មុខ​នេះ។

ការ​លេង​​ល្បែង​​ប្រជាប្រិយ​នេះ​គឺ​ជា​ផ្មែក​មួយ​នៃ​ការ​រៀបចំ​ពិធី​​អង្គរ​​សង្រ្កាន្ត​​​របស់​​​សហ​ភាព​​​​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក) ​​​ដើ​ម្បី​​ចូល​​រួម​​អបអរ​​សាទរ​​ពិធី​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណី​​ខ្មែរ។ នៅ​ក្នុង​ការ​សម្តែង​​ល្បែងប្រជាប្រិយនោះ មាន​យុវជន​ស្ម័គ្រ​ចិត្តមក​ពី​រាជធានី​ភ្នំពេញ​​ចំនួន​១៤០​នាក់ ខេត្តតាកែវ​ចំនួន ១២០​នាក់ និងខេត្ត​សៀមរាប​​ចំនួន​២៦០នាក់។ យុវជន​ទាំង​នោះ​បាន​ហ្វឹក​ហាត់​សាក​ល្បង​​ដោយ​​មាន​ទឹកចិត្ត សប្បាយ​​រីករាយប្រកបដោយមោទនភាព។

កញ្ញា សុថា សុវណ្ណារដ្ឋ យុវតីស្ម័គ្រចិត្តខាងផ្នែកល្បែងប្រជាប្រិយ​មក​ពី​ខេត្ត​សៀមរាប  បាន​និយាយថា ការបង្ហាញល្បែងប្រជាប្រិយខ្មែរពិតជា​អំពីសារៈ​សំខាន់​ណាស់​នៅក្នុងពិធីនេះ ដោយកញ្ញាបញ្ជាក់ថា “សំខាន់​យើងចង់​បង្ហាញ​វប្បធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្មែរ​យើងឲ្យ​បរទេស​បាន​យល់​ដឹង​ថា ខ្មែរ​គឺ​អស្ចារ្យ​និង​ល្បី​ខ្ទរខ្ទារ​ដូចគេនិយាយមែន”។

លោក មាស សារ៉ាត់ យុវជន​មក​ពី​ខេត្ត​តាកែវបាននិយាយថា យុវជនដែល​​ស្ម័គ្រចិត្ត​ចូល​​រួមលេង​ល្បែង​ប្រជាប្រិយ​​នេះបានហ្វឹកហាត់​ក្នុងរយៈពេលបី​ថ្ងៃ​ ដោយ​រយៈពេលនេះ ពួក​គេ​​បានស្គាល់គ្នា និងរួមគ្នា​រកវិធីសាស្រ្តដើម្បីទាក់ទាញ​ភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ខាងមុខ​នេះ។

លោក សុខ សប្បាយណា អ្នកសម្របសម្រួលល្បែងប្រជាប្រិយរបស់​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ក៏​​​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការបង្ហាញ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​នៅ​ក្នុងព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្តនេះ ដោយលោកលើកឡើងថា ​​យុវជនបាន​យល់​ដឹងកាន់តែច្រើន​ឡើងពីតម្លៃ​វប្បធម៌​ដ៏រុង​រឿងរបស់បុព្វបុរសរបស់​​ខ្លួន ហើយពួកគេរិតតែ​ស្រលាញ់ ការពារ ​និង​ផ្សព្វផ្សាយឲ្យ​បាន​កាន់​តែ​ទូលំទូលាយ។

ការ​ហាត់សម​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។
ការ​ហាត់សម​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

លោក សប្បាយ​ណា បាន​បន្ត​ថា ​ការ​​លេង​​ល្បែង​​ប្រជាប្រិយ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ទី​លាន​ខាង​មុខ​​ប្រាសាទ​អង្គរ​វត្ត ​និង​នៅ​ជុំវិញ​ត្រពាំង​សេស ​និង​​មួយ​​ចំនួន​​ទៀត​នៅ​មុខ​ទី​លាន​ជល់​ដំរី។

គួរ​​បញ្ជាក់​ដែរ​​ថា ស.ស.យ.ក បាន​​​​រៀប​ចំ​​​ព្រឹត្តិការណ៍​​អង្គរ​សង្រ្កាន្ត​ក្នុង​គោល​បំណង​បី​ធំៗ​គឺ​ទី១ ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​របស់​យុវជន​ឲ្យ​បាន​ផុសផុល ​ក្នុង​​ឱកាស​​អបអរ​​សាទរ​ពិធី​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ។ ​ទីពីរ​ប្រមូល​ផ្តុំ​មហា​ជន​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​ធ្លាប់​​​រុង​រឿង​​នា​សម័យ​​មហា​​នគរ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ និងទីបីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយឲ្យមាន​មោទ​នភាព​ក្នុង​ការ​លើក​យក​មក​បង្ហាញ​នូវ​​វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ ដូចជា ល្បែងប្រជាប្រិយ របាំប្រពៃណី និងពិធីសាសនាដែល​ធ្លាប់​បានប្រតិបត្តិពីជំនាន់មួយទៅជំនាន់មួយ និង​ជា​រួម គឺដើម្បី​ចូល​រួម​ទាក់​ទាញ និងបង្កើន​ភ្ញៀវ​ទេសចរណ៍ឲ្យមកទស្សនា និងកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រាសាទ​អង្គរវត្ត៕

ក្រុមយុវជនស្ម័គ្រចិត្តកំពុង​ហាត់​សម​ជិះ​កង់​ប្រណាំង​យឺតៗ។
ក្រុមយុវជនស្ម័គ្រចិត្តកំពុង​ហាត់​សម​ជិះ​កង់​ប្រណាំង​យឺតៗ។

Related Articles

Back to top button
Close
Close