លោក​ John Kerry​ បន្ត​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ដើមបូព៌ា​

ក្រោយពីបំពេញទស្សនកិច្ច​នៅក្រុង Ramallah​កាលពីម្សិលមិញ លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​អញ្ជើញទៅកាន់ក្រុង​ Jérusalem នៅ​ថ្ងៃ​ចន្ទ​៨​មេសា​នេះ។ ប្រកប​ដោយ​គោលដៅ​យ៉ាង​ច្បាស់លាស់​មួយ ដើម្បី​ជំរុញ​ដល់​កិច្ចចរចា​សន្តិភាព​ឡើង​វិញ​​នៅតំបន់​ដើមបូព៌ា​ដែល​ត្រូវ​ ជាប់​គាំង​តាំង​ពី​២​ឆ្នាំ​កន្លះ​មក​ហើយ។ ការអញ្ជើញ​មក​កាន់​តំបន់​ដើម​បូព៌ារបស់លោក​ John Kerry នាពេលនេះ គឺ​ដើម្បី​ចាំ​ស្តាប់ជំហរ​របស់​​គូភាគី​បដិបក្ស​ទាំង​ពីរ​ នៅ ក្នុងតំបន់គឺប៉ាឡេស្ទីននិងអ៊ីស្រាអែល។

ចេញពី ​ប្រទេស​តួកគី លោក​John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ​បាន​វិល​ទៅ​កាន់​តំបន់​ដើមបូព៌ា​វិញ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​តម្រង់​​ឆ្ពោះ​ទៅ​កាន់​​ក្រុង Ramallah​ ក្នុង​តំបន់ Cisjordanie តែ​ម្តង ។

គោលដៅគឺ​​ដើម្បី​ជួប​សន្ទនា​ ជាមួយ​លោក​ Mahmoud Abbas.ប្រធាន​រដ្ឋ អំណាច​ប៉ាឡេស្ទីន ដែល ​ជា​ទស្សនកិច្ច​លើក​​ទី​៣​​របស់​លោករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក នៅតំបន់​ដើមបូព៌ា​​​ក្នុង​រយៈ​ពេល​​​មិន​ដល់​មួយ​ខែ​ផង។

នៅ​ថ្ងៃ​អង្គារ​ទី​៩​មេសា​ស្អែក​នេះលោក John Kerry នឹង​​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែលលោក Benjamin Netanyahu។

ភាគី​អាមេរិក​និង​ប៉ាឡេស្ទីន ​បាន​បន្ត​កិច្ច​ចរចា​របស់​ខ្លួន​ ​កាលពី​ចុង​ខែ​មីនា​មុន នៅ​​ឱកាស​​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ អាមេរិក​បារ៉ាក​អូបាម៉ា​នៅ​អ៊ីស្រាអែល​​និង​នៅ​ដែនដី​ប៉ាឡេស្ទីន។

ជំនួប​ប្រាស្រ័យ​គ្នា​លើក​នេះ ​រវាង​ភាគី​អាមេរិក​និង​ប៉ាឡេស្ទីន​ដែលស៊ីពេល​​អស់​​​​​៨០​នាទី ផ្តោត​ទៅ​លើ ​វិធី​នៃ​​ការ​បង្កើត ​បរិយាកាសដែល​ប្រកប​ដោយ​​វិជ្ជមាន​​មួយ​សម្រាប់​​កិច្ចចរចាសន្តិភាព​នៅ​ តំបន់​ដើមបូព៌ា។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិកម្នាក់ ​បាន​​វាយ​តម្លៃ​ ​ថា ជំនួប​រវាង​លោក Kerry និង​លោក Abbas.ម្សិលមិញនេះ​មានលក្ខណៈប្រកបដោយ​ការ​ស្ថាបនា។​

ប៉ុន្តែ​អ្វី​ដែល​លោក Kerry ប្រាថ្នា​ចង់​បាន​មុន​គេបង្អស់​នៅពេលនេះ គឺ​​​ចង់​ស្តាប់ឮពី​ជំហរ ​របស់​ភាគីទាំង​​​​ប៉ាឡេស្ទីន​​និងទាំង​​អីស្រាអែល ជាពិសេជំហរមួយ​ដែល​អាចនឹង​​ផ្តល់​សន្ទុះ​​​ដល់​កិច្ច​ចរចា​​សន្តិភាព​ ឡើងវិញដែល​ត្រូវ​ជាប់​គាំងតាំងពីខែកញ្ញាឆ្នាំ​២០១០មក។​

ចំណែក​លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីន បាន​ឆ្លើយ​តបលោក Kerry វិញ ​ដោយ​​​បញ្ជាក់​សារ​​ជា​ថ្មី​ទៀត​​ការ​ទាមទារ​របស់​លោក សុំ​ឲ្យ​អ៊ីស្រាអែល​លើក​ផ្អាក​​ការ​សាង​សង់​លំនៅ​ឋាន​នានា​​នៅ​តំបន់​​ អាណានិគម Juif ដែល​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​សម្រាប់រូប​លោក​ប្រធាន​រដ្ឋ​អំណាច​ ប៉ាឡេស្ទីន។ ​មិនតែ ប៉ុណ្ណោះ​ លោក Mahmoud Abbas ថែមទាំង​​បាន​សុំ​ឲ្យ​ភាគី​អ៊ីស្រាអែល​​​ធ្វើការ​ដោះលែង​អ្នកទោស​ ប៉ាឡេស្ទីនដែល​ជាប់​ទោស​យូរ​ជាង​គេ​នៅ​ក្នុង​ពន្ធ នាគារ​​អ៊ីស្រាអែលផងដែរ។

លោក Mahmoud Abbas ថែមទាំង​សុំ ធ្វើការ ចរចាផងដែរ ឲ្យ​មានការ​ដក​កងទ័ព​អ៊ីស្រាអែល​​ទាំង​អស់​ចេញ​ពី​តំបន់ Cisjordanie និង ពីក្រុង Jérusalem​ខាងកើត​ដែល​អ៊ីស្រាអែល​បាន​កាន់​កាប់តាំងពី​តាំងពីឆ្នាំ១៩៦៧មក។

នៅ Istanbul រដ្ឋធានីនៃប្រទេសតួកគី ​លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាន​តើន​រំលឹក​​​អ៊ីស្រាអែល​និង​តួកគី ឲ្យ​ធ្វើការ​ពន្លឿន​ជាបន្ទាន់ដែរ ទំនាក់ទំនង​ជាមួយ​នឹង​គ្នា​​ជា​ប្រក្រតី​ឡើង​វិញ ដោយលោកបានគូសបញ្ជាក់ផងដែរ ពីតួ​នាទី​គន្លឺះ​​​ដ៏​សំខាន់​របស់​​តួកគី​​ក្នុង​​ការ​​ផ្តល់​សន្ទុះ​​ជា​ យថាហេតុ​ដល់​ដំណើរ​ស្វែង​រក​សន្តិភាព​នៅតំបន់ដើមបូព៌ា។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក John Kerry បានថ្លែងថា « ​ប្រទេស​តួកគី​ ​អាច​ដើរ​តួ​នាទី​​ដ៏​សំខាន់​មួយ​តាម​បែបផែន​ជា​ច្រើន​ ​ក្នុង​ការ​ចូលរួម​ វិភាគទាន​ដ៏សំខាន់​បំផុត​​មួយ​​ដល់​ដំណើរ​​ស្វែង​រក​ សន្តិភាពនៅតំបន់់ដើមបូព៌ាដោយសារតែ​​ប្រទេសនេះមាន​ថាមពល​និង​ភាព​ស្វាហាប់​​​ ។

ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែលលោក Tzipi Livni ដែលទទួល បន្ទុក​សំណុំ​រឿង​នៃ​កិច្ច​ចរចា​នេះ បានបដិសេធរូចជាស្រេចដែរ​ តួនាទីរបស់តួកគី​នៅខណៈនេះ ​នៅ​លើ​ការ​ផ្តល់​សន្ទុះ​ឡើង​វិញនូវកិច្ចចរចារវាងអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន៕ ​ដោយ នុយ ប៊ែរណាដែត​(RFI)

Related Articles

Back to top button
Close
Close