កុល ដាវី ត្រូវសមត្ថកិច្ច ឃាត់រថយន្តទុក
ភ្នំពេញ៖ តារាសម្តែង កុល ដាវី ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យ ដឹង ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់រថយន្តរបស់នាង ម៉ាក Lexus Lx 470 ពេលនាងជិះរថយន្ត ទៅធ្វើសំបុត្រកំណើតនៅទីនោះ ហើយសមត្ថកិច្ចបានសង្ស័យ ទៅលើស្លាក លេខ រថយន្តរបស់នាងថា មិនមានភាពប្រក្រតី ទើបឃាត់ទុកមួយរយៈ និងបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បី ធ្វើការ ស៊ើបអង្កេតបន្ត ។
ពាក់ព័ន្ធនឹងការឃាត់រថយន្តរបស់តារាសម្តែង កុល ដាវី កាលពីម្សិលមិញនេះ លោក ប៊ន សំអាត អធិការ នគរបាល ខណ្ឌពោធិសែនជ័យ បានថ្លែងប្រាប់អ្នកសារព័តមានថា សមត្ថកិច្ចរបស់លោក ពិតជាបាន ឃាត់រថយន្តម៉ាក Lexus Lx 470 របស់នាង កុល ដាវី ពិតប្រាកដមែន ដោយលោកបានអះអាងថា មកពីស្លាកលេខ រថយន្ត របស់នាង មានលក្ខណៈខុសប្រក្រតី អាចជាប់សង្ស័យក្នុងករណីណាមួយ ។
លោកបន្តថា តាមការពិតស្លាកលេខរថយន្ត របស់នាង គឺជាស្លាកលេខត្រឹមត្រូវ ប៉ុន្តែបែរជាមានការគូសលើស្លាកលេខដើមហើយដាក់លេខផ្សេងទៅវិញ ដូចជា លេខ ៩កែ ទៅជាលេខ៨ ទើបសមត្ថកិច្ចសម្រេចឃាត់រថយន្តនេះ នឹងបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញ ធ្វើការតាមដានត្រួតពិនិត្យឲ្យបានច្បាស់។
សម្រាប់តារាសម្តែងកុល ដាវី ដែលជាម្ចាស់រថយន្ត ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សា ទុកស៊ើបអង្កេតនេះបានថ្លែងថា នាងមិនដឹងទាល់តែសោះថា ស្លាកលេខរថយន្តរបស់នាងខុសពីប្រក្រតី ដោយនាងគិតថា មិនដឹងមានក្មេង ណា មកគូសវាសលើស្លាកលេខនេះ ខណៈដែលនាងចតចោលពេលជិះទៅសម្តែង ឬទៅថតម្តងៗ ។ កុល ដាវី បញ្ជាក់ទៀត ថា បើទោះបីជាសមត្ថកិច្ចឃាត់រថយន្តនាងទុក ត្រួតពិនិត្យពិតមែន ក៏នាង មិនមានការភិតភ័យទៅលើទង្វើខុសច្បាប់អ្វីដែរ ព្រោះនាងមិនមែនជាអ្នកខុស
សូមបញ្ជាក់ថា រថយន្តរបស់តារាសម្ដែង កុល ដាវី ម៉ាក Lexus Lx 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2H-9887 ហើយស្រាប់តែ មានបាញ់ ថ្នាំកែទៅជាលេខ 2H-8882 ទៅវិញ ទើបសមត្ថកិច្ច សម្រេចឃាត់រថយន្តនេះទុក ដើម្បីសួរនាំនិងស៊ើបអង្កេតបន្ត ៕ ស.រ