ឆក់ខ្សែកបានមួយកំណាត់ទាក់ដៃចង្កូតគ្នាដួល ជនល្មើសរត់ចោលម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង ២០:១០ នាទី ថ្ងៃទី០៧ ខែមករា យុវជន ២ នាក់បានធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះ ២ នាក់ ប្តីប្រពន្ធ បានខ្សែក ១ កំណាត់ទាក់ដៃចង្កូតគ្នាដួល ហើយក្រុមល្មើសរត់ចោលម៉ូតូ ស្ថិតនៅចំណុចមុខសាលារៀនមេគង្គ ផ្ទះលេខ៦A ផ្លូវ២៧១ ក្រុមទី២០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ម៉ូតូដែលក្រុមល្មើសបន្សល់ទុក ១ គ្រឿង នេះ ជាប្រភេទម៉ូតូម៉ាកអ៊ែប្លេត ពណ៌ខ្មៅលាយស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ ១L៩៥០៥ ។
ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ សុខ សុអាន ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ០៧B ផ្លូវលេខ៣៥៥ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ត្រូវជាប្តី) និងម្នាក់ទៀតឈ្មោះ មីង ធឿន ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវជាប្រពន្ធ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ២ នាក់ ប្តីប្រពន្ធ បានជិះម៉ូតូឌុបគ្នាចេញពីជប់លៀងហាងមិត្តភ័ក្តិនៅម្តុំ ស្ទឹងមានជ័យ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ។ លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមល្មើស ២ នាក់ ជិះម៉ូតូមកអែបក្បែរ ហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកពីកជនរងគ្រោះតែម្តង។ ក្រុមល្មើសឆក់ដាច់ខ្សែកពីជនរងគ្រោះបានមួយកំណាត់ ទើបធ្វើអោយម៉ូតូទាំង ២ គ្រឿង ប៉ះដៃចង្កូតគ្នាដួល។
ក្នុងស្ថានភាពនោះ ក្រុមល្មើស ក៏បានរត់ចោលម៉ូតូរបស់ខ្លួនទាំងខ្លួនប្រាណមានរបួសតែម្តង។ ចំណែក ម៉ូតូជនល្មើសត្រូវបានប៉ូលិសបញ្ជូនមកកាន់ប៉ុស្តិ៍ប៉ូលិសទឹកល្អក់ ទី៣ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសមកដាក់ទោសទៅតាមច្បាប់៕
ដោយ៖ ហេង នាង