ការលើកកម្ពស់ការយល់ដឹងពីដំណើរការថវិកាជាតិនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូ២០១២នេះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិល បានមកជួបជុំគ្នាស្វែងយល់អំពីការលើកកម្ពស់ការយល់ដឹងពីដំណើរការ ថវិកាជាតិ ក្រោយពីរដ្ឋសភា បានអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៣នាពេលថ្មីៗនេះ។
អ្នកសម្របសម្រួលកម្មវិធីអភិបាលកិច្ចសិទ្ធិកុមារអង្គការសង្រ្គោះ កុមារ លោកស្រី គោល លីណា បានថ្លែងថា កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកអង្គការសង្រ្គោះកុមារ អង្គការសង្គមស៊ីវិលជាតិ ក្រុមកុមារនិងយុវជនដែលធ្វើការជាមួយកុមារ ក្នុងប្រទេសកម្ពុជា។
កម្មវិធីដែលរៀបចំដោយអង្គការសង្គ្រោះកុមារ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តី ពីកម្ពុជា ក៏មានបង្ហាញអំពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ព្រមទាំងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨។
ជាមួយគ្នានោះដែរ លោកស្រី ចាន់ សុខយ៉េង ប្រធានស្តីទីនៃកម្មវិធីបញ្ហាអភិវឌ្ឍន៍ បានឱ្យដឹងថា ថវិកាជាតិមានចំណូលមកពីប្រភពពន្ធលើសេវាប្រាក់ចំណូល/ប្រាក់ចំណេញ និងពាណិជ្ជកម្មក្រៅប្រទេស អាករលើអចលនទ្រព្យ ពន្ធគយ…សម្បទាននេសាទ/រ៉ែ ការជួលដីធ្លី ផលពីសកម្មភាពទេសចរណ៍។ល។ ព្រមទាំងកម្ចីនិងជំនួយឥតសំណង ការសងបំណុល និងការវិនិយោគហិរញ្ញវត្ថុផងដែរ៕
ដោយ៖ ហេង នាង