មហាដំណើរ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីឧត្តមគិតនិងជំនឿ
Cambodia News
កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា៖ «ការឆ្លងកាត់រយៈពេលដ៏វែង ទ្រង់ទ្រាយដ៏ធំ ចម្ងាយផ្លូវដ៏ឆ្ងាយ បរិស្ថានដ៏មានគ្រោះថ្នាក់ និងការប្រយុទ្ធដ៏សាហាវនៃមហាដំណើរគឺជារឿងរ៉ាវតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ហើយក៏ជាករណីដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកនិងសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រនៃអារ្យធម៌មនុស្សជាតិផងដែរ»។
លោកក៏បានថ្លែងថា៖ «មហាដំណើរ ជារឿងដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុតសម្រាប់យើង នោះគឺ “ស្មារតីនៃមហាដំណើរ” ដ៏អស្ចារ្យ ដែលបានបង្កើតឡើងដោយសមាជិកបក្សកុម្មុយនីស្តចិន និងយុទ្ធជននៃកងទ័ពក្រហម តាមរយៈការបូជាជីវិតនិងឈាមស្រស់»។
«ជ័យជម្នះនៃមហាដំណើរ គឺជាជ័យជម្នះនៃឧត្តមគតិនិងជំនឿរបស់សមាជិកបក្សកុម្មុយនីស្តចិន។»
មហាដំណើរ មិនមែនជាប្រវត្តិសាស្ត្រចិនដែលដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាវីរភាពដ៏អស្ចារ្យមួយដែលផ្តល់ការបំផុសគំនិតដល់អ្នកដែលកំពុងស្វែងរកផ្លូវឆ្ពោះទៅមុខក្នុងគ្រាដ៏លំបាក ។
ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកប្រវត្តិសាស្ត្រនៅក្រៅប្រទេស បានធ្វើការផ្សព្វផ្សាយ សិក្សាស្រាវជ្រាវ និងកត់ត្រាទុកអំពី «មហាដំណើរ» របស់កងទ័ពក្រហមចិន។
អ្នកសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញថា រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះមហាដំណើរ គឺភាពលំបាកលំបិន និងគ្រោះថ្នាក់នានាដែលមិនអាចនឹកស្មានដល់។
ប៉ុន្តែ នៅពេលស្វែងយល់កាន់តែស៊ីជម្រៅ យើងនឹងកាន់តែយល់ដឹងច្បាស់ថា ពាក្យពេចន៍ដូចជា «លំបាកលំបិន» ឬ «ក្លាហាន» គឺមិនអាចពិពណ៌នាឱ្យបានពេញលេញអំពីមហាដំណើរនេះទេ។
លោក William N. Brown សាស្ត្រាចារ្យជនជាតិអាមេរិកនៅសាកលវិទ្យាល័យ Xiamen ប្រទេសចិនបានសម្គាល់ឃើញថា ភាពរឹងមាំ ទំនុកចិត្ត កិច្ចសហការ និងក្តីសង្ឃឹម ដែលបង្កប់នៅក្នុង «មហាដំណើរ» គឺជា «កំណប់ទ្រព្យខាងស្មារតីមួយដែលមនុស្សជាតិទាំងអស់អាចចែករំលែកបាន៖ វាមិនមែនជារបស់សម្រាប់តែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែជារបស់សម្រាប់មនុស្សគ្រប់រូបដែលបន្តដើរទៅមុខ ទោះបីជាកំពុងប្រឈមមុខនឹងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ»។
លោក Zavier Harris អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងការផ្សព្វផ្សាយនៃអង្គការ Springfield Urban League របស់អាមេរិកបានកត់សម្គាល់ថា មហាដំណើរបានដាស់តឿនយើងថា ភាពរឹងមាំ សាមគ្គីគ្នា ក្តីអាណិត និងក្តីសង្ឃឹម អាចផ្លាស់ប្តូរប្រទេសជាតិមួយ ព្រមទាំងបង្កើតអនាគតកាន់តែល្អបវរ»។
បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន ប្រជាជននៃប្រទេសនានាគួរបង្កើនការយល់ដឹងពីគ្នានិងគំនិតឯកភាពរួម ជាជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ស្មារតីនៃមហាដំណើរ ត្រូវអនុវត្តជាប់រហូត គឺដូចជាប្រសាសន៍លោក Xi Jinping ដែលលើកឡើងថា៖ «ប្រវត្តិសាស្ត្រតែងតែវិវត្តទៅមុខជានិច្ច។ យើងត្រូវបន្តដើរទៅមុខតាមផ្លូវដែលបានកំណត់ ទើបអាចប្រែឧត្តមគតិឱ្យក្លាយជាការពិត»៕


