ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់២នាក់
ភ្នំពេញ ៖ ជិះម៉ូតូមកដល់មុខក្លឹបម៉ូណាកូ រវល់តែងាកមើលទៅក្នុងក្លឹប ស្រាប់តែម៉ូតូមួយ គ្រឿង ជិះឆ្លងផ្លូវមកដល់បុកគ្នាពេញទំហឹង ខ្ទាតចេញពីគ្នា ១០ម៉ែត្រ របួសធ្ងន់ ២នាក់ ស្រាល ៣នាក់ នៅវេលាម៉ោង ២និង១៤ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ធ្នូ ស្ថិតចំណុចមុខ ក្លឹបម៉ូណាកូ តាមផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំម៉ាក AX ពណ៌ខ្មៅ ជិះគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត រវល់តែងាកមើលស្រីស្អាតនៅក្នុងក្លឹប ស្រាប់តែម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ជិះគ្នា៣នាក់ ឆ្លងផ្លូវពីជើងទៅត្បូង ទៅដល់បុកពេញទំហឹង បណ្តាលឲ្យ ម៉ូតូទាំងពីរខ្ទាតចេញពីគ្នា ១០ម៉ែត្រ ចំណែកអ្នកបើកម៉ូតូគុបសន្លប់ និងអ្នកជិះម៉ូតូធំ របួស ធ្ងន់ម្នាក់ និងស្រាល ៣នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ របួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក នៅខណ្ឌសែនសុខ ៕
ដោយ៖ ហេង នាង