ហេង ម៉ារ៉ាឌី ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​វៀត​ណាម​

តារាសម្តែងនិងពូកែខាងតុបតែងមុខនាងហេង ម៉ារ៉ាឌី ត្រូវបានក្រុមគ្រួសាររបស់នាងដឹកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម កាល ពីយប់ថ្ងៃ៣ ធ្នូ វេលាម៉ោង៣ទាបភ្លឺ បន្ទាប់ពីនាងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីអ្នកសិល្បះម្នាក់បានអះអាងប្រាប់កោះសន្តិភាពថា នាងហេង ម៉ារ៉ាឌី ត្រូវបានគេដឹកទៅកាន់ប្រទេសវៀតណាមហើយ បន្ទាប់ពីសភាពជំងឺរបស់នាងបានចាប់ផ្តើមរើឡើងខ្លាំង។ប្រភពដដែលបានបន្តថា  សភាពជំងឺរបស់នាងបានធ្វើទុក្ខខ្លាំង បង្កឲ្យនាងចុកនៅចុងពោះវៀន និងក្រពះ ដែលខាងវេជ្ជបណ្ឌិតខ្មែរបានអះអាងថា បណ្ដាលមកពីនាងមានសភាពរលាកក្រពះ និងស្អិតពោះវៀនដល់កម្រិតធ្ងន់ធ្ងរ។ នាង បានចំណាយពេលចេញចូលមន្ទីរពេទ្យនៅស្រុកខ្មែរច្រើនលើករួចមកហើយ ប៉ុន្តែបណ្ដាលមកពីស្ថានភាពនោះនៅតែមិនអាចធូរស្រាល ទើបធ្វើឲ្យនាងលែងចង់ទៅពេទ្យ។ នាងត្រូវអ្នកផ្ទះឆោរឡោ បន្ទាប់ពីសភាពចុកខ្លាំង ធ្វើឲ្យនាងអស់កម្លាំង ព្រមជាមួយនឹងសភាពបង្កឲ្យនាងស្ទើរសន្លប់បាត់ស្មារតីតែម្ដងពេញមួយយប់ដែលនាង បានធ្វើទុក្ខនោះ។ ដោយឃើញសភាពជំងឺកាន់តែធ្ងន់ធ្ងរនោះទើបក្រុមគ្រួសាររបស់នាង សម្រេចបញ្ជូននាងទៅកាន់មន្ទីរពេទ្យវៀតណាមទាំងកណ្ដាលយប់តែម្តង។

ប្រភពបានបញ្ជាក់ថា ចំពោះគម្រោងត្រូវព្យាបាលនៅទីនោះ ប៉ុន្មានថ្ងៃនោះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ គឺត្រូវរង់ចាំទាល់តែខាងក្រុមគ្រូពេទ្យនៅទីនោះ ផ្ដល់ចម្លើយថា អាចឲ្យនាងវិលវិញបាននៅពេលណាសិន។

កន្លងមកហេង ម៉ារ៉ាឌី តែងតែព្យាយាមបង្អត់អាហារដើម្បីសម្រកទំងន់ ហើយនាងក៍មិនសូវបានញាំអាហារទៀងទាត់ឡើយ ដោយពេលខ្លះនាងធ្លាប់ថ្ងូរប្រាប់ថា មានសភាពចុកពឺតក្នុងពោះ ក្នុងក្រពះ និងពោះវៀនបែបនេះយូរមកហើយ ដោយគ្រាន់តែរយៈពេលមុន សភាពនេះ នៅមិនទាន់ធ្ងន់ធ្ងរខ្លាំងប៉ុណ្ណោះ។ នាងមានគម្រោងចេញទៅកាន់ប្រទេសវៀតណាម តាំងពីប្រមាណមួយអាទិត្យមុនម្ល៉េះ ប៉ុន្តែមកពីនាងចេះតែសម្អាងថា ខាងពេទ្យខ្មែរអាចជួយព្យាបាលមិនឲ្យនាងធ្វើទុក្ខធ្ងន់បាន ទើបនាងចេះតែហី។

ទោះជាយ៉ាងណាសភាពជំងឺធ្វើទុក្ខរបស់នាងហេង ម៉ារ៉ាឌី កាលពីយប់នោះ គឺស្ទើរតែធ្វើឲ្យអ្នកផ្ទះទាំងមូលភ្នែកសគ្រប់គ្នាទៅហើយ  ទើបសម្រេចចិត្តបញ្ជូននាងទៅកាន់ប្រទេសវៀតណាមតែម្ដង ដើម្បីសង្គ្រោះបន្ទាន់។
គួបញ្ជាក់ថា នាង ហេង ម៉ារ៉ាឌី បានក្លាយជាតារាមួយដួងតាមរយៈការប្រលងកញ្ញាឯកសាប៊ូលុច្សក្នុងឆ្នាំ២០០៥ បើទោះបីជាពេលនោះនាងមិនបានជាប់ជាកញ្ញាឯកលុច្សក៏ដោយ ក៏នាងបានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខែដែរ។ នាងកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្រោយពីបានចេញសម្ដែងជាតួឆ្នាស និងជាតួបែបក្រមិចក្រមើម តាមរយៈរឿង”ល្មមហើយលោកប្ដី” និងរឿង “គូស្នេហ៍ចៃដន្យ”។

មកដល់ពេលនេះ នាងកាន់កម្មវិធីនៅប៉ុស្តិ៍លេខ៥ គឺកម្មវិធី “សុខភាព និងជីវិត” ប៉ុន្តែនាងបានលេចធ្លោ ក្នុងតំណែងជាអ្នកឯកទេសផាត់មុខរបស់កម្មវិធីRevelon របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន។ហេង ម៉ារ៉ាឌី មិនធ្លាប់ចេញសម្ដែងនៅក្រៅស្រុកទេ ប៉ុន្តែនាងក៏ប្រហែលមិនទទួលដែរ ដោយសារតែនៅក្នុងស្រុក នាងមានការងារជំនួញផ្ទាល់ខ្លួនគឺការបើកហាងដែលមានឈ្មោះថា “ម៉ារ៉ាឌី Salon”ដែលនាងទើបតែពង្រីកបន្ថែមហើយបានបើកសម្ពោធកាលពីអំឡុងខែកក្កដា ឆ្នាំ២០១១ ដែលបានចំណាយទឹកប្រាក់អស់ជាង៧ម៉ឺនដុល្លារ ហើយនាងក៍គ្រោងបើកជំនួញថ្មីៗទៀតផងដែរ ប្រសិនបើនាងមានដើមទុន និងមានពេលវេលាចាត់ចែងបន្ថែមជាងនេះ៕

ដោយ៖ សារាយ

Related Articles

Back to top button
Close
Close