ប្រវត្តិទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក

ថ្វីត្បិតតែប្រទេសកម្ពុជា បច្ចុប្បន្នត្រូវបានគេមើល ឃើញថា មានទំនាក់ទំនង ជិត ស្និទ្ធជាមួយ ប្រទេសចិនពិត មែន ក៏ប៉ុន្តែប្រទេសកម្ពុជា ក៏ មានទំនាក់ទំនងល្អជាមួយ ប្រទេសមហាអំណាច គឺសហ រដ្ឋអាមេរិក តាំងពីយូរលង់
ណាស់ មកហើយដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធា នាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) មកចូលរួមកិច្ចប្រជុំ កំពូល អាស៊ាន-អាមេរិក និង អាស៊ីបូព៌ា ក្នុងឱកាសកិច្ចប្រជុំ កំពូល អាស៊ាន លើកទី ២១ នៅប្រទេសកម្ពុជានេះ គឺជា ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មី មួយទៀត។

ទំនាក់ទំនងទ្វេភាគីរវាង សហ រដ្ឋអាមេរិក និងកម្ពុជា គឺមាន ចំណងមិត្តភាពអស់ រយៈពេល ជា ច្រើនឆ្នាំមកហើយ ទោះបី ជាទំនាក់ទំនងនេះនៅពេលខ្លះមានការប្រេះឆានឹងគ្នាក្ដី ប៉ុន្តែប្រទេស កម្ពុជា នៅតែរកច្រករក្សា ទំនាក់ទំនងការទូតនេះបន្តរហូតមកដល់បច្ចុប្បន្ន។

សហរដ្ឋអាមេរិកជាប្រទេសមួយជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ ក្នុងចំណោម ប្រទេសមួយចំនួនទៀតដែលជួយដល់រដ្ឋាភិបាលកម្ពុជា។ អ្វីដែលជាកត្តាសំខាន់នោះ សហរដ្ឋ អាមេរិកជាប្រទេសមួយជំរុញកម្ពុជា ឲ្យមានការគោរពសិទ្ធិមនុស្ស របបប្រជាធិបតេយ្យ ទប់ស្កាត់ អំពើភេរវកម្ម កាត់បន្ថយអំពើពុករលួយ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាដើម។

អ្នកប្រវត្តិសាស្ត្របានឲ្យដឹងថា សហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីប្រទេស កម្ពុជា ទទួលបានឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នៅឆ្នាំ១៩៥៣ ហើយនៅឆ្នាំ ១៩៥៤ អាមេរិកបានមកដាក់ទូតនៅកម្ពុជា។

អ្នកប្រវត្តិសាស្ត្រ លោកបណ្ឌិត រស់ ចន្រ្ទាបុត្រ មានប្រសាសន៍ថា នៅក្នុងឆ្នាំ១៩៥៥ ក្នុងរបបសង្គម រាស្ត្រនិយមនោះ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទទួលស្គាល់ប្រទេសចិន ប្រជាមានិត ជាប្រទេសចិនតែមួយ។ ប៉ុន្តែនៅពេលនោះ ទំនាក់ទំនងសហរដ្ឋអាមេរិកហាក់ដូច ជានៅឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ រហូតដល់កម្ពុជា មានគំនាបពីអាមេរិកផ្នែកជំនួយអាវុធ គឺកម្ពុជា មិនអាចយកជំនួយអាវុធរបស់អាមេរិក ទៅធ្វើសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកទេ ដូចជាថៃ ជាដើម។

លោកបណ្ឌិត រស់ ចន្រ្ទាបុត្រ បានពន្យល់ថា គោលនយោបាយរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ គឺអព្យាក្រឹត ដែលមិនចូលជាមួយប្រទេសសេរី ហើយក៏មិនចូលជាមួយប្រទេសកុម្មុយនិស្តដែរ។

នៅចន្លោះឆ្នាំ១៩៥៥ ឆ្នាំ១៩៦៣ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ចជិត ៤១០លានដុល្លារ និងជួយដល់វិស័យកងទ័ពជាង ៨៣លានដុល្លារអាមេរិក។ ជំនួយទាំងនេះសម្រាប់ស្ដារប្រទេសកម្ពុជា ឡើងវិញ ក្រោយពីសង្គ្រាមត្រជាក់ និងបន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក្នុងនោះជួយលើកកម្ពស់ខាងផ្នែកសន្តិសុខផ្ទៃក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកសាងកំពង់ផែក្រុងព្រះសីហនុ។

កម្ពុជានិងសហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងនឹងគ្នាមិនល្អ នៅដើមឆ្នាំ១៩៦០ រហូតដល់ផ្ដាច់ទំនាក់ទំនងការទូតនៅក្នុងខែឧសភា ឆ្នាំ១៩៦៥។ តែនៅក្នុងខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងជាថ្មី បន្តរហូតនៅក្នុងរបបសាធារណរដ្ឋខ្មែរ រហូតដល់ឆ្នាំ១៩៧៥។

អាមេរិកបានផ្ដល់ជំនួយជាង ១លានដុល្លារដល់វិស័យកងទ័ព និងផ្ដល់ជំនួយចំនួន ៥០៣លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច នៅខណៈកម្ពុជា មានសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅក្នុងរបបខ្មែរក្រហម មិនថា អាមេរិក ឬស្ថានទូតដទៃទៀត គឺគេដកទូតចេញពីទីក្រុងភ្នំពេញ ទាំងអស់នៅក្នុងរបបកាប់សម្លាប់នោះ។

ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ លោកបណ្ឌិត រស់ ចន្រ្ទាបុត្រ បានអះអាងថា លោកសេនាប្រមុខ លន់ នល់ មាននយោបាយទំនោរទៅសហរដ្ឋអាមេរិកខ្លាំង នៅក្នុងរបបសាធារណរដ្ឋខ្មែរ។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ ដើរតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក។

ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គឺនៅក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ជាការបើកទំព័រថ្មីសម្រាប់ប្រជាជាតិកម្ពុជា ដែលនាំមកនូវការបើកចំហផ្នែកសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពិសេសធ្វើឲ្យកម្ពុជា មានការបោះឆ្នោតជាលើកដំបូង។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា បានផ្ដល់ផលប្រយោជន៍បីសំខាន់ៗដល់កម្ពុជា។ ទី១ ធ្វើឲ្យកម្ពុជា មានការបោះឆ្នោតទៅប្រព័ន្ធប្រជាធិបតេយ្យ ទី២ អាមេរិកបានកសាងផ្លូវជាតិលេខ ៤ និងទី៣ អាមេរិកតែងតែផ្ដល់ជួយដល់កម្ពុជា ពិសេសអាមេរិកបានបើកច្រកទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា គឺជាការនាំសំលៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក ដោយគ្មានយកពន្ធ។

ភ្ជាប់ទៅនឹងបញ្ហានេះ វិស័យកាត់ដេរនៅប្រទេសកម្ពុជា បានផ្ដល់ការងារដោយផ្ទាល់ និងដោយប្រយោលប្រមាណ ១,៧លាននាក់។ ទីផ្សារសំខាន់នៃការនាំចេញសំលៀកបំពាក់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ថ្វីត្បិតឆ្នាំ២០០៥ កូតារបស់សហរដ្ឋអាមេរិក បានបញ្ចប់ ប៉ុន្តែផលិតផលសំលៀកបំពាក់របស់កម្ពុជា ត្រូវបានទទួលស្គាល់រួចជាស្រេចនៅក្នុងទីផ្សារអាមេរិក។ ប្រការនេះជាកិត្តិនាមដ៏សំខាន់បំផុតដែលក្រុមហ៊ុនកាត់ដេរនៅ កម្ពុជា បានកសាងឡើងជាមួយអតិថិជននៅអាមេរិក ជាពិសេសអ្នកបញ្ជាទិញធំៗ។

នៅក្នុងបរិបទនយោបាយរបស់រដ្ឋាភិបាលកម្ពុជា នៅពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ដែលក្នុងមួយឆ្នាំៗ រដ្ឋាភិបាលទទួលជំនួយពីចិន រាប់រយលានដុល្លារ សម្រាប់មកកសាងសេដ្ឋកិច្ចជាតិ។ បញ្ហានេះក្រុមអ្នកវិភាគបានពន្យល់ថា នៅខណៈដែលចិន ចាប់ដៃជាមួយកម្ពុជា អាមេរិកក៏មានគោលនយោបាយរឹតចំណងការទូតជាមួយកម្ពុជា ខ្លាំងដែរ។

ប្រទេសអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន ជាប្រទេសផ្ដល់ប្រភពជំនួយដ៏សំខាន់ដល់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែគេមើលឃើញថា ការជួយរបស់ប្រទេសទាំងពីរនេះ មានលក្ខណៈខុសគ្នាសហរដ្ឋអាមេរិក ផ្ដល់ជំនួយឲ្យកម្ពុជា តែទាមទារលក្ខណៈ ដូចជាទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស កាត់បន្ថយអំពើពុករលួយជាដើម។ រីឯចិនវិញ ផ្ដល់ជំនួយដល់កម្ពុជា គ្មានលក្ខខណ្ឌទេ តែចិន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការជីករុករករ៉ែ ធនធានធម្មជាតិរបស់កម្ពុជាដើម។

អ្នកវិភាគផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា សព្វថ្ងៃប្រទេសចិន បានផ្ដល់ជំនួយច្រើនដល់កម្ពុជា។ បញ្ហានេះ ចិនអាចមានឥទ្ធិពលលើកម្ពុជា ច្រើនជាងសហរដ្ឋអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាស៊ានមួយចំនួនមានទំនាក់ទំនងល្អជាមួយអាមេរិក ដូចជា ថៃ ហ្វីលីពីន និងវៀតណាម ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិកនៅតែមានឥទ្ធិពលច្រើនលើកម្ពុជា។ ទី១ ឥទ្ធិពលទីផ្សារ ទី២ ឥទ្ធិពលទំនាក់ទំនងការបរទេស ទី៣ ឥទ្ធិពលជំនួយ ទី៤ ការទាក់ទាញអ្នកវិនិយោគអាមេរិកចូល ដោយសារកម្ពុជា មានអំណោយផលធម្មជាតិ។ ប្រការនេះកម្ពុជា ក៏ត្រូវការអាមេរិក រីឯអាមេរិកក៏ត្រូវការកម្ពុជា។

ដោយឡែកប្រភពជំនួយវិញ ទោះបីជាចិន ផ្ដល់ជំនួយឲ្យកម្ពុជា គ្មានចំណងក្ដី ប៉ុន្តែជំនួយអាមេរិក មានប្រសិទ្ធភាពដល់កម្ពុជាជាង ពីព្រោះជំនួយរបស់សហរដ្ឋអាមេរិក មានគោលដៅ និងទិសដៅច្បាស់លាស់សម្រាប់ជួយដល់កម្ពុជា និងការតាមដានជំនួយអំពីប្រសិទ្ធភាពនៃជំនួយនោះ។

បច្ចុប្បន្ននេះ កម្ពុជានៅជំពាក់បំណុលសហរដ្ឋអាមេរិកប្រមាណ ៤០០លានដុល្លារអាមរិក។ កាលពីខែមិថុនា ឆ្នាំ២០១២ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងសំខាន់ ដើម្បីសុំឲ្យអាមេរិកលុបចោលបំណុលនេះ ដែលកម្ពុជា អះអាងថា បំណុលនេះ កម្ពុជាបានជំពាក់សហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រប់គ្រងដោយសេនាប្រមុខ លន់ នល់ តែត្រូវបានសហរដ្ឋអាមេរិក បដិសេធចំពោះសំណើនេះ៕ (ទីន ហ្សាការីយ៉ា RFA

Related Articles

Back to top button
Close
Close