ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីសុំឲ្យស្ថានទូតអាមេរិកជួយ អន្តរាគមន៍
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ វិច្ឆកា ២០១២នេះ មានប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីតំបន់បឹងកក់ អតីតបុរីកីឡា ថ្មគោលជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហគមន៍ ៣៤៧ និងសហគមន៍មួយចំនួនទៀតបានសុំឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយអន្តរាគមន៏រកដំណោះស្រាយរឿងដីធ្លីរបស់ពួកគេ។
ការសុំអន្តរាគមន៍នេះ បានធ្វើឡើងចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិ ក លោក បារ៉ាក់ អូបាម៉ា នឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២នេះ។ការដង្ហែរញត្តិនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល រារាំង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប៉ុន្តែក្រោយពីប៉ះទង្គិចដោយពាក្យសម្តីក្រុមពលរដ្ឋ ត្រូវបានធ្វើដំណើរទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក តាមការគ្រោងទុក។
កាលពីចុងខែតុលា ឆ្នាំ២០១២ ប្រជាសហគមន៍ ២០៧គ្រួសារ នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីអូសបន្លាយជិត ១០ឆ្នាំ ជាមួយក្រុមហ៊ុនស្ករស របស់សមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ក៏បានដាក់ពាក្យបណ្តឹងទៅសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សុំអន្តរាគមន៍ជួយរកដំណោះស្រាយ៕