«កិច្ចប្រជុំតុមូលឯកអគ្គរាជ/រដ្ឋទូតនិង CEO APEC » បើកធ្វើនៅក្រុង Shenzhen
Cambodia News
នៅថ្ងៃទី ១៥ ខែវិច្ឆិកា « កិច្ចប្រជុំតុមូលឯកអគ្គរាជ/រដ្ឋទូតនិង CEO APEC » ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីហិរញ្ញវត្ថុនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកធ្វើនៅក្រុង Shenzhen ក្រោមប្រធានបទ “ ចែករំលែកកាលានុវត្តភាពនៃការបើកទូលាយ សម្រេចការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ ” ក្នុងគោលបំណងកសាងវេទិកាសន្ទនានិងផ្លាស់ប្តូរបទពិសោធមួយសម្រាប់អង្គភាពសេដ្ឋកិច្ចនៃសមាជិកអង្គការ APEC និងសហគ្រាសចិន។
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ជាសាក្សីនិងជាអ្នកកត់ត្រានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកផង ហើយក៏ជាអ្នកចូលរួមនិងអ្នកគាំទ្រផង។
CMG បានរៀបរាប់យ៉ាងសកម្មចំពោះរឿងរ៉ាវទាក់ទិននឹងកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក បានផលិតកម្មវិធីល្អៗយ៉ាងច្រើនដែលបានចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនៃអង្គភាពសេដ្ឋកិច្ចនៃសមាជិកអង្គការ APEC , បានគាំទ្រការអភិវឌ្ឍបែបច្នៃប្រឌិតថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីជំរុញម៉ាកយីហោចិនចូលទីផ្សារអន្តរជាតិ ដើម្បីឱ្យភាគីនានាអាចចែករំលែកនូវផលលាភនៃការអភិវឌ្ឍរបស់ចិន , ក៏ដូចជាធ្វើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីបង្កើនការយល់ដឹងពីគ្នា។ សង្ឃឹមថា តាមរយៈកិច្ចប្រជុំតុមូលលើកនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនុកចិត្តគ្នា , CMG មានឆន្ទៈពួតដៃជាមួយមជ្ឈដ្ឋាននានា ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក និងវិបុលភាពរួម។
គួរបញ្ជាក់ថា កិច្ចប្រជុំតុមូលជាសកម្មភាពសំខាន់ផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឡើងមុនគេបង្អស់ក្នុងសប្តាហ៍កិច្ចប្រជុំកំពូលអង្គការ APEC ឆ្នាំ២០២៦ ។ ភ្ញៀវកិត្តិយសប្រហែល ៨០ នាក់បានចូលរួមកិច្ចប្រជុំតុមូលនេះដែលបូករួមទាំងតំណាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ទីប្រឹក្សាស្ថានទូតអង្គភាពសេដ្ឋកិច្ចនៃសមាជិកអង្គការ APEC ប្រចាំនៅចិន តំណាងសហគ្រាសជាតិនិងអន្តរជាតិ ព្រមទាំងអ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មនៃប្រទេសមួយចំនួន៕

