លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ
Cambodia News
នារសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ និងថ្លែងសុន្ទរកថាគន្លឹះនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។
លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នារ៉ាប់រងភារកិច្ចនៃយុគសម័យ ខំប្រឹងប្រែងធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេ»។
ក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក យន្តការសហប្រតិបត្តិការ BRICS ត្រូវបានពង្រីកជាបន្តបន្ទាប់ ដែលបានបង្ហាញពីភាពរស់រវើកដ៏ផុលផុស និងក្លាយទៅជាវេទិកាសហប្រតិបត្តិការមានឥទ្ធិពលខ្លាំងបំផុតលើពិភពលោកនាពេលបច្ចុប្បន្នសម្រាប់ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសBRICSត្រូវឈរនៅម្ខាងត្រឹមត្រូវខាងប្រវត្តិសាស្ត្រ ខំប្រឹងប្រែងធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេ និងដឹកនាំឱ្យសណ្តាប់ធ្នាប់អន្តរជាតិអភិវឌ្ឍតាមទិសដៅកាន់តែយុត្តិធម៌ និងសមហេតុផល ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ លោកបានលើកឡើងសំណើចំនួន ៤ ចំណុច ៖ ទី១ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការជំរុញការអភិវឌ្ឍដោយនវានុវត្តន៍។ ទី២ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការគាំពារសន្តិភាពនិងស្ថិរភាព។ ទី៣ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការជំរុញការរៀនសូត្រពីគ្នាខាងអរិយធម៌។ ទី៤ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការធ្វើកំណែទម្រង់និងកែសម្រួលអភិបាលកិច្ចសកល។
ភាគីចិនរីករាយធ្វើការជាមួយបណ្តាភាគីនានា ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម បង្កើតអនាគត ចាប់ដំណើរការ “១០ឆ្នាំពណ៌មាស”ទី៣ នៃកិច្ចសហប្រតិបត្តិការ BRICS សំដៅរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងដែលមានវិបុលភាព និងការរីកចម្រើន៕

